ក្រុមហ៊ុនផលិតរថយន្តរបស់ចិន Wuling បានបង្ហាញម៉ូដែលរថយន្តអគ្គិសនីថោកបំផុតនៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មានក្នុងស្រុករបស់វៀតណាម កាលពីពេលថ្មីៗនេះ។
រថយន្តអគ្គិសនីខ្នាតតូចដែលទើបនឹងចេញថ្មីត្រូវបានដាក់បង្ហាញសម្រាប់មហាជនចូលទស្សនាអំពីរូបរាងរបស់វា ដោយវាមានតម្លៃចាប់ពី ២៣៩ លានដុង ឫស្មើនឹង ១០១៣៩ ដុល្លារ។ រថយន្តអគ្គិសនី ម៉ូដែល Wuling Hongguang Mini EV ដែលត្រូវបានដំឡើងនៅក្នុងខេត្ត Hung Yen ភាគខាងជើងប្រទេសវៀតណាម គឺជារថយន្តអគ្គិសនីខ្នាតតូចបំផុតមួយនៅក្នុងប្រទេស។
រថយន្តអគ្គិសនីដែលមានតម្លៃថោកមួយនេះ មានកៅអីអង្គុយ៤ ដែលត្រូវបានរចនាឡើងសម្រាប់ការធ្វើដំណើរនៅក្នុងទីក្រុង អាចបើកបរបានចម្ងាយ ១២០ ទៅ ១៧០ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញមួយលើក និងអាស្រ័យទៅតាមប្រភេទថ្មដែលអតិថិជនទិញសម្រាប់ប្រើប្រាស់លើរថយន្តអគ្គិសនីមួយនេះ។ ដើម្បីសាកថ្មពេញមួយលើក ត្រូវចំណាយពេល ចន្លោះពី ៦ម៉ោងកន្លះ ទៅ ៩ម៉ោង។
រថយន្តអគ្គិសនី ម៉ូដែល Wuling Hongguang Mini EV នេះ មានល្បឿនអតិបរមា ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្វីដែលជាចំណុចពិសេសមួយទៀតរបស់រថយន្តអគ្គិសនីនេះ គឺវាមិនត្រឹមជាយានជំនិះដែលមានតម្លៃថោកសមរម្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផងដែរនូវ monitor ដែលមានអេក្រង់ ទំហំ៧អុីង សម្រាប់អ្នកបើកបរដើម្បីធ្វើការត្រួតពិនិត្យទៅលើរថយន្តរបស់ខ្លួន។ ចំពោះម្ចាស់ឃ្លាំងរថយន្តនៅវៀតណាម ដែលយកលក់បន្ត ក្រុមហ៊ុនឡាន Wuling គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីខ្នាតតូចនេះលើទីផ្សារ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣នេះតទៅ៕