កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Elon Musk បានប្រកាសអំពីការផ្លាស់ប្តូរឈ្មោះ និង ឡូហ្គោល របស់ Twitter ពីរូបចាបខៀវ ទៅជាអក្សរ X ដែលការផ្លាស់ប្តូរនេះ លោក Musk ចង់ពង្រីកវិសាលភាព និងមុខងារបស់បណ្តាញសង្គមឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
តាមការប្រកាសបញ្ជាក់ពី CEO របស់ Twitter គឺលោកស្រី Linda បានឱ្យដឹងថា Twitter នឹងបន្ថែមមុខងារឱ្យលើសពីការប្រាស្រ័យទាក់ទងគ្នាធម្មតា ពោលគឺអាចធ្វើអ្វីលើសពីបណ្តាញសង្គមធម្មតា។ ហើយអ្វីដែលគេកាន់តែចាប់អារម្មណ៍នោះ គឺ Twitter ចង់យកលំនាំតាមកម្មវិធី WeChat របស់ចិន ដែលជាបណ្តាញទំនាក់ទំនងសង្គមដ៏ល្បីនៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះ។
WeChat ជាកម្មវិធីទំនាក់ទំនងសង្គមរបស់ចិន ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ 2011 ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនគឺក្រុមហ៊ុន Tencent ហើយមកដល់សព្វថ្ងៃកម្មវិធីនេះ ត្រូវបានប្រើប្រាស់ដោយប្រជាជនចិន សឹងតែគ្រប់គ្នា ដែលពលរដ្ឋចិនសរុបមានចំនួនប្រមាណ 1,4 ពាន់លាននាក់។ WeChat ត្រូវបានគេហៅថា ជា Super App ដោយសារតែវាមានមុខងារលើសពីបណ្តាញទំនាក់ទំនងសង្គមធម្មតា។ មុខងាររបស់វាមានដូចជា ការផ្ញើសារ ការផ្ញើសារជាសំឡេង និង Video Call។ ក្នុងនោះក៏មានផងដែរដូចជា social media, food delivery, mobile payments, games, news និង dating។
និយាយរួមទៅ WeChat មួយ គឺដូចជាការរួមបញ្ចូលគ្នានូវកម្មវិធីធំៗជាច្រើនដូចជា WhatsApp, Facebook, Apple Pay, Uber, Amazon និង Tinder នៅក្នុង App តែមួយ។ លើសពីនេះ សម្រាប់ប្រជាជនចិន WeChat ដើរតួយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃនៅក្នុងសម័យបច្ចេកវិទ្យាឌីជីថល ដែលសឹងថាមិនអាចរស់ដោយខ្វះ App ដ៏មានឥទ្ធិពលនេះបាន។ ចំណុចពិសេសរបស់ WeChat មួយទៀតដែលមានសារៈសំខាន់ គឺអនុញ្ញាតឱ្យប្រើសេវាកម្មរបស់រដ្ឋាភិបាលចិនបានផងដែរ ដែលមានដូចជាការកក់មន្ទីរពេទ្យ និង ឆែកព័ត៍មានសន្តិសុខជាតិជាដើម។