ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba នឹងបង្កើនការវិនិយោគរបស់ខ្លួនទ្វេដងនៅក្នុងមជ្ឈមណ្ឌលផលិតកម្មដែលកំពុងរីកចម្រើននៅក្នុងប្រទេសវៀតណាម ហើយថែមទាំងជួលបុគ្គលិករាប់រយនាក់មកបន្ថែមទៀត។
ក្នុងរយៈពេល 3ឆ្នាំខាងមុខ Alibaba.com នឹងបញ្ចប់ការបង្កើតក្រុមជំនាញ ដើម្បីប្រតិបត្តិការនៅក្នុងមជ្ឈមណ្ឌលផលិតកម្មដែលកំពុងរីកចម្រើនរបស់វៀតណាម រួមមាន Binh Duong, Bac Ninh, Long An, Da Nang និង Hai Phong បន្ថែមលើក្រុមដែលកំពុងប្រតិបត្តិការរួចហើយនៅទីក្រុងហាណូយ និង ទីក្រុងហូជីមិញ។ នេះបើតាមលោក Roger Luo នាយកក្រុមហ៊ុន Alibaba ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រកាសនាពេលថ្មីៗនេះនៅទីក្រុងហូជីមិញ។
លោក Luo បាននិយាយថា “វៀតណាមគឺជាផ្នែកមួយដ៏សំខាន់នៃផែនទីអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិករបស់យើង” ដោយចង្អុលបង្ហាញពីគុណសម្បត្តិបីយ៉ាងនៃទីផ្សារនេះ។
ទីមួយ វៀតណាមមានគោលនយោបាយពាណិជ្ជកម្មបរទេសអំណោយផល ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាសញ្ញា។ លោកបានមានប្រសាសន៍ថា “បើប្រៀបធៀបទៅនឹងប្រទេសចិន ទំនិញដែលផលិតដោយវៀតណាមមានអត្ថប្រយោជន៍។ ជាងនេះទៅទៀត សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនមានឥទ្ធិពលយ៉ាងធំធេងលើទំនិញរបស់ចិន ខណៈដែលទំនិញរបស់វៀតណាមមិនរងផលប៉ះពាល់នោះទេ”។
ទីពីរតម្លៃពលកម្មនៅទាប។ ទី៣ មានផលិតផលពិសេសរបស់វៀតណាមជាច្រើន។
លោកបាននិយាយថា “អ្នកផ្គត់ផ្គង់វៀតណាមនៅលើប្រព័ន្ធ platform របស់យើងកំពុងកសាងកេរ្តិ៍ឈ្មោះជាបណ្តើរៗជាមួយនឹងអ្នកទិញទូទាំងពិភពលោកយ៉ាងច្រើន ជាពិសេសនៅក្នុងផ្នែកដូចជាផលិតផលកសិកម្ម អាហារ និង សម្លៀកបំពាក់ជាដើម”។
ចំនួនអ្នកលក់វៀតណាមនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ Alibaba បានកើនឡើងដល់រាប់ពាន់នាក់។
ចំនួនផលិតផលវៀតណាមដែលមាននៅលើប្រព័ន្ធ platform នេះ ក្នុងខែមីនា ឆ្នាំ2023 បានកើនឡើង 24ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងឆមាសទីមួយនៃឆ្នាំ 2023នេះ ទំនិញរបស់វៀតណាមដែលបាននាំចេញតាមរយៈ Alibaba មានចំនួន 164 ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ 12% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ស្ថានភាពនឹងកាន់តែប្រសើរឡើងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ដោយសារតែសារពើភ័ណ្ឌនៅសហរដ្ឋអាមេរិកកំពុងថយចុះ។
ប្រធានក្រុមហ៊ុន Alibaba ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចបានផ្តល់អនុសាសន៍ថា “អាជីវកម្មខ្នាតតូច និងមធ្យមត្រូវចាប់យកឱកាសនេះឱ្យបានឆាប់រហ័សដោយការធ្វើឱ្យធនធានមនុស្សរបស់ពួកគេរស់ឡើងវិញ និងពង្រឹងសមត្ថភាពឌីជីថលរបស់ពួកគេ” ៕