ប្រធានក្រុមហ៊ុនផលិតរថយន្ត VinFast លោក Pham Nhat Vuong បានប្រកាសថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់វៀតណាម គឺក្រុមហ៊ុន VinFast របស់លោក គ្រោងនឹងបន្ថែមម៉ូដែលរថយន្តខ្នាតតូចទៅក្នុងបញ្ជីគម្រោងនៃការផលិត។
លោក Pham Nhat Vuong ដែលជាម្ចាស់ក្រុមហ៊ុនរថយន្ត VinFast និងជាមហាសេដ្ឋីមានលុយច្រើនជាងគេនៅវៀតណាម បានប្រាប់នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុនលោកថា VinFast មានគោលបំណងធ្វើជាអ្នកនាំមុខគេ លើទីផ្សារក្នុងការផលិតរថយន្តអគ្គិសនី គ្រប់ប្រភេទទាំងអស់។ រថយន្តអគ្គិសនី ដែលជាប្រភេទរថយន្តបើកបរនៅក្នុងទីក្រុង ប្រើថាមពលថ្ម ឬ ជាប្រភេទរថយន្តអគ្គិសនី ខ្នាតតូច គឺជាម៉ូដែលរថយន្តតែមួយគត់ដែល VinFast មិនទាន់បានផលិតដាក់លក់នៅឡើយទេ។ ម៉ូដែលថ្មីនឹងបំពេញចន្លោះនេះ នេះបើយោងតាមប្រធាន។
រថយន្តថ្មីរបស់ VinFast នេះ នឹងមានរូបរាងតូចខ្លាំង ហើយមានតម្លៃទាបបំផុត។ នេះបើតាមការបញ្ជាក់ពីម្ចាស់ក្រុមហ៊ុនឡានវៀតណាមមួយនេះ ទន្ទឹមនឹងនេះ មិនមានព័ត៌មានលម្អិតណាមួយ បញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ម៉ូដែលឡានអគ្គិសនីខ្នាតតូចនេះ ហើយក៏មិនមានអំពីកាលបរិច្ឆេទជាក់លាក់នៃការចេញលក់ឡាននេះនៅលើទីផ្សារដែរ។ ចំពោះរូបរាងរបស់រថយន្តអគ្គិសនីខ្នាតតូចរបស់ VinFast នេះ ត្រូវបានគេរំពឹងថា វានឹងមានទំហំប្រហាក់ប្រហែលនឹង រថយន្ត Kia Morning ឫ Hyundai i10។
គួរឱ្យដឹងថា ក្រុមហ៊ុន VinFast លក់តែរថយន្តអគ្គិសនីប៉ុណ្ណោះ។ VF 5 គឺជាម៉ូដែលរថយន្តតូចបំផុតរបស់ក្រុមហ៊ុននេះ រហូតមកដល់បច្ចុប្បន្ន ដែលមានតម្លៃ ៤៥៨ លានដុង ឫស្មើនឹង ១៩៥២៧ដុល្លារ ដោយតម្លៃនេះមិនរាប់បញ្ចូលថ្ម ទេ។ VF 5 ជារថយន្តអគ្គិសនីថោកបំផុត និងតូចបំផុតនៅលើទីផ្សារវៀតណាមក្នុងពេលបច្ចុប្បន្ននេះ។
នៅចុងឆ្នាំ២០២៣នេះ ក្រុមហ៊ុន TMT Motors នឹងចាប់ផ្តើមចែកចាយរថយន្តអគ្គិសនី Wuling Hongguang Mini EV នៅក្នុងប្រទេសវៀតណាម។ រថយន្តអគ្គិសនីខ្នាតតូចរបស់ចិន គឺជាម៉ូដែល ដែលលក់ដាច់បំផុតនៅលើពិភពលោក កាលពីឆ្នាំ២០២២កន្លងទៅ។ រថយន្តម៉ូដែលថ្មីរបស់ VinFast នឹងក្លាយជាដៃគូប្រកួតប្រជែងតែមួយគត់របស់ក្រុមហ៊ុនផលិតឡានរបស់ចិន លើផ្នែករថយន្តអគ្គិសនី នៅក្នុងទីផ្សារឡាន ប្រទេសវៀតណាម៕