fbpx

ឡាន Tesla Model Y ក្លាយជារថយន្តលក់ដាច់បំផុតលើលោក ប្រចាំត្រីមាសទី1 ឆ្នាំ 2023

អត្ថបទដោយ រាជ មេសា
325 views

ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់រថយន្តស្ព័រអគ្គិសនី Model Y របស់ក្រុមហ៊ុន Tesla ដែលជួយឱ្យវាក្លាយជារថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោកនៅក្នុងត្រីមាសទី1 នៃឆ្នាំ2023នេះ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ JATO ដែលបានចែករំលែកជាមួយសារព័ត៍មាន Reuters។

Elon Musk កាលពីពេលកន្លងទៅ ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនជាលើកដំបូងក្នុងរយៈពេល 3 ឆ្នាំដោយបង្ហាញពីសារៈសំខាន់នៃទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក។

Tesla លក់បានរថយន្តអគ្គិសនីចំនួន 267,171គ្រឿង នៃ Model Ys នៅក្នុងត្រីមាសទីមួយនៃឆ្នាំ2023នេះ ដែលក្នុងនោះ 94,469 គ្រឿង ត្រូវបានលក់នៅក្នុងប្រទេសចិន ដែលខ្ពស់ជាង 83,664 នៅសហរដ្ឋអាមេរិក និង 71,114 នៅអឺរ៉ុប នេះបើយោងតាមទិន្នន័យ។ 

យោងតាមទិន្នន័យបានឱ្យដឹងថា ម៉ូដែល Y ជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងការលក់ទូទាំងពិភពលោក បន្ទាប់មកគឺ Toyota Corolla, Toyota Hilux, Toyota Rav4 និង Toyota Camry ។ ម៉ូដែល Y គឺជារថយន្តអគ្គិសនីតែមួយគត់ ស្ថិតនៅក្នុងបញ្ជីរថយន្តលក់ដាច់ខ្លាំងលើពិភពលោក។

ការផលិតកាន់តែច្រើនពីរោងចក្រថ្មីរបស់ក្រុមហ៊ុន Tesla នៅរដ្ឋតិចសាស់ និងទីក្រុងប៊ែកឡាំង និងការបន្ធូរបន្ថយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាការកើនឡើងនៃតម្រូវការរយន្ត EV នៅក្នុងប្រទេសអភិវឌ្ឍន៍ ក៏ជាកត្តាមួយសំខាន់ជំរុញការលក់ម៉ូដែល Y របស់ Tesla ផងដែរ។

មិនដូចក្រុមហ៊ុនផលិតរថយន្តដទៃទេ ក្រុមហ៊ុន Tesla មានចំនួនកំណត់នៃម៉ូដែលរថយន្តរបស់ពួកគេ ដែលនេះក៏ជាហេតុផលមួយផ្សេងទៀតជួយឱ្យរថយន្ត EV ម៉ូដែល Y ក្លាយជារថយន្តដែលលក់ដាច់បំផុតនៅលើពិភពលោក។

លោក Dan Levy អ្នកវិភាគរបស់ Barclays បាននិយាយថា មានការព្រួយបារម្ភអំពី Tesla ដែលពឹងផ្អែកខ្លាំងពេកលើរថយន្តម៉ូដែលតែពីរគត់គឺ Model Y និង Model 3 ដោយបន្ថែមថា Tesla អាចត្រូវការផលិតរថយន្តម៉ូដែលផ្សេងបន្ថែមទៀតដើម្បីពង្រីកទីផ្សាររបស់ខ្លួន៕

អត្ថបទពាក់ព័ន្ធ