fbpx

រយៈពេល៣ខែរាជរដ្ឋាភិបាលសម្រេចសមិទ្ធផលហួសការរំពឹងទុក ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ២០៥០

អត្ថបទដោយ រាជ មេសា
156 views

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងរយៈពេល៣ខែ រាជរដ្ឋាភិបាលសម្រេចសមិទ្ធផលហួសការរំពឹងទុក ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ២០៥០ ធ្វើយ៉ាងណាជួយឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ។

ថ្លែងក្នុងវេទិកាសារព័ត៌មាន ស្តីពី លទ្ធផលការងារក្នុងរយៈពេល៣ខែ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងថា សមិទ្ធផលធំៗចំនួន៣ ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេល៣ខែនេះ ដែលការងារធំទាំងនោះ រួមមាន ការរក្សាបាននូវសន្តិភាព ស្ថិរភាពសង្គមនយោបាយ សេដ្ឋកិច្ចនិងដំណើរការជាប្រប្រតីនៃរដ្ឋបាលសាធារណៈ រួមទាំងការអភិវឌ្ឍន៍, ការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណ ដោយផ្តោតលើនយោបាយអាទិភាពទាំង៦ ដែលផ្តល់ការយក ចិត្តទុកដាក់ខ្ពស់ទៅលើសុខភាព ការងារយុវជននិងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ, លើកកម្ពស់កម្មវិធីជាតិជំនួយសង្គម, និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។

ឯកឧត្តម បានបញ្ជាក់ថា ពាក់ព័ន្ធនឹងសុខសន្តិភាព រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺធានាប្រក្រតីភាពគ្រប់យ៉ាង និងធានាការពារសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន កសាងឡើងមិនឱ្យបាត់បង់ ឬមិនឱ្យសូម្បីតែការប្រែប្រួលជាអវិជ្ជមានណាមួយឡើយ។ បន្ថែមពីនោះទៀត សមិទ្ធផលនៃការអនុវត្តន៍នយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាលរួមមាន ផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់ជាសាកល, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ, ពង្រឹងកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ, លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃ និងការពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្ម។

ឯកឧត្តម បានបន្តទៀតថា រាជរដ្ឋាភិបាល ក៏បានបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធតុលាការ ដែលជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។ បន្ថែមពីនោះទៀត សម្តេចធិបតី បានចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី ហើយដាក់ចេញនូវកិច្ចអន្តរាគមន៍ជាច្រើន ធានាការពារប្រយោជន៍របស់កម្មករ និយោជិត។ ក្រៅពីនោះ ក៏បានជួបជាមួយវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីជួយដល់ផ្នែកឯកជន មានដូចជាវិស័យទេសចរណ៍, អចលនទ្រព្យ, ការដឹកជញ្ជូន និងការធ្វើធុរកិច្ចជាដើម។

« ត្រឹមរយៈពេល៣ខែ រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រេចបានសមិទ្ធផលផលធំធេងជូន ប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិ។ គ្រាន់តែឃើញលទ្ធផលរយៈពេល៣ខែនេះ យើងប្រាកដក្នុងចិត្តប្រកបដោយសុទិដ្ឋនិយម យ៉ាងជាក់លាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងសម្រេចបានគោលដៅយ៉ាងពិត ប្រាកដពោល គឺចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូលខ្ពស់ »។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់បន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា កុំនិយាយតែមាត់ កុំសរសេរតែលើក្រដាស់ តែត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង, បង្អង់ការពង្រីក តែយកចិត្តទុកដាក់លើការពង្រឹងគុណភាព និងប្រសិទ្ធភាព, កសាងមូលធនមនុស្ស ឱ្យមានចំណេះដឹង សមត្ថភាព សុខភាព និងសីលធម៌៕

អត្ថបទពាក់ព័ន្ធ