fbpx

អ្នកជំនាញ ថា ចិន ជាប្រទេសចាយលុយតាមប្រព័ន្ធបច្ចេកវិទ្យា ច្រើនជាងគេលើពិភពលោក

អត្ថបទដោយ រាជ មេសា
458 views

អ្នកជំនាញ និង ជាសាស្រ្តាចារ្យ ផ្នែកធនាគារ និង ហិរញ្ញវត្ថុ ជនជាតិអង់គ្លេស លោក Kent Mattews បានប្រាប់សារព័ត៍មាន Xinhua ថា ប្រទេសចិន ជាប្រទេសចាយលុយតាមប្រព័ន្ធបច្ចេកវិទ្យា នាំមុខគេនៅលើពិភពលោក។

នៅក្នុងប្រទេសចិន នាពេលបច្ចុប្បន្ន ប្រជាជននាំគ្នាធ្វើការទូទាត់ថ្លៃទិញទំនិញទៅកាន់អ្នកលក់ តាមរយៈប្រព័ន្ធអេឡិចត្រូនិច និង កម្មវិធី App របស់ធនាគារ។ ប្រជាជនលែងសូវកាន់លុយផ្ទាល់ៗដូចពេលមុនទៀតហើយ ដោយគេនិយមចាយលុយ តាមប្រព័ន្ធអេឡិចត្រូនិច ជំនួសវិញ ពោលគឺមិនដូចកាលពី ១០ ទៅ ២០ឆ្នាំមុនទេ។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យបច្ចេកវិទ្យា និងការទូទាត់ប្រាក់តាមកម្មវិធី App របស់ធនាគារ បានរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន ហើយសង្គមចិន បានសម្របតាមមធ្យោបាយថ្មីនេះ បានយ៉ាងលឿនដូចគ្នា។

លោក Matthews ដែលជាសាស្រ្តាចារ្យផ្នែកហិរញ្ញវត្ថុ បង្រៀននៅសកលវិទ្យាល័យ Cardiff ចក្រភពអង់គ្លេស បាននិយាយថា “ខ្ញុំបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសចិន ហើយខ្ញុំបានទិញផ្លែស្វាយមួយផ្លែ ពីតូបលក់តូចមួយនៅតាមដងផ្លូវ ដោយបានទូទាត់ប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ដោយលោកប្រើ App ក្នុងទូរស័ព្ទដើម្បីទូទាត់ប្រាក់ទៅកាន់អ្នកលក់”។ លោកបន្តថា “បច្ចេកវិទ្យា នៅក្នុងប្រទេសចិន គឺពិតជាដើរលឿនខ្លាំងមែនទែន បើធៀបជាមួយប្រទេសផ្សេងទៀតនៅលើពិភពលោក ហើយនេះជាអ្វីដែលត្រូវធ្វើសម្រាប់ប្រព័ន្ធសេដ្ឋកិច្ចបែបឌីជីថល របស់ចិន”។

នៅក្នុងប្រទេសចិន នាពេលបច្ចុប្បន្ន ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច គេសង្កេតឃើញថាមានការពេញនិយមខ្លាំង និង ជាពិសេសសូម្បីតែមនុស្សចាស់ ម្ចាស់ហាងលក់ទំនិញតូចៗ និង តូបនៅតាមផ្លូវ ក៏ប្រើប្រាស់វិធីសាស្រ្តទូទាត់ប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យានេះ ដែរ៕

អត្ថបទពាក់ព័ន្ធ