មានដំណឹងថា ក្រុមហ៊ុន Apple នឹងធ្វើការផលិត និងរចនានាឡិកាដៃវ័យឆ្លាត Apple Watch របស់ខ្លួនស៊េរីថ្មី ឱ្យមានទម្ងន់ស្រាលជាងម៉ូដែលមុនៗ។
តាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Weibo បានឱ្យដឹងថា ក្រុមហ៊ុន Apple មានគម្រោងផលិតនាឡិកាដៃវ័យឆ្លាត ពោលគឺ Apple Watch Ultra ស៊េរីថ្មីឱ្យមានទម្ងន់ស្រាល និងមើលទៅមានរូបរាងស្អាតជាងម៉ូដែលមុនៗ។ ចំពោះនាឡិកា Apple Watch Ultra ដែលចេញនៅក្នុងពេលបច្ចុប្បន្ននេះ មានទម្ងន់ប្រមាណ ៦១,៣ក្រាម។
លោក Ming-Chi Kuo ដែលជាអ្នកតាមដាននិងវិភាគទៅលើផលិតផលរបស់ Apple បានឱ្យដឹងថា Apple Watch Ultra ស៊េរីថ្មី នឹងមានមុខងារ ក៏ដូចជាបច្ចេកវិទ្យាថ្មីៗដែល ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ នឹងបំពាក់ទៅលើនាឡិកាដៃវ័យឆ្លាតស៊េរីថ្មីរបស់ខ្លួន។ បច្ចេកវិទ្យា 3D-printed នឹងត្រូវបាន Apple ធ្វើការបំពាក់ទៅលើ Apple Watch Ultra ជំនាន់ថ្មីផងដែរ។ នេះបើតាមការបញ្ជាក់ពីប្រភពខាងលើ។
ចំពោះចំណុចមួយទៀតដែលគេសន្និដ្ឋានថា Apple នឹងផលិត Smart Watch ស៊េរីថ្មីរបស់ខ្លួនឱ្យមានទម្ងន់ស្រាលជាងមុន គឺដោយសារក្រុមហ៊ុននេះ ចង់កាត់បន្ថយរយៈពេលផលិតឱ្យតិចជាងមុន និងកាត់បន្ថយចំណាយទៅលើថ្លៃផលិតផងដែរ។ យ៉ាងណាមិញ មានតែចាំមើលការប្រកាសជាផ្លូវការពី Apple នៅពេលខាងមុខ ថាតើ Apple Watch Ultra នឹងមានទម្ងន់ស្រាលជាងមុន ហើយបំពាក់បច្ចេកវិទ្យា 3D-printed ដូចពាក្យចចាមអារ៉ាម ដែលបានបែកធ្លាយ ឫ យ៉ាងណា៕