ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei រកចំណូលបាន 310.9 ពាន់លានយ័ន (43.4 ពាន់លានដុល្លារអាមេរិក) នៅក្នុងឆមាសទីមួយនៃឆ្នាំ 2023នេះកើនឡើង 3.1 ភាគរយធៀបនឹងឆ្នាំមុន ។ នេះបើយោងតាមលទ្ធផលអាជីវកម្មដែលបានប្រកាសកាលពីពេលថ្មីៗ។
ក្រុមហ៊ុន Huawei បាននិយាយថា ប្រាក់ចំណេញសុទ្ធគឺ 15 ភាគរយក្នុងរយៈពេល 6 ខែដំបូង ដោយបន្ថែមថា ដំណើរការទាំងមូលគឺស្របតាមការព្យាករណ៍។
អាជីវកម្មហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) របស់ក្រុមហ៊ុនបានរួមចំណែក 167.2 ពាន់លានយ័ន ខណៈដែលអាជីវកម្មប្រើប្រាស់របស់ខ្លួនបានរួមចំណែក 103.5 ពាន់លានយ័នដល់ប្រាក់ចំណូល។
លោកស្រី Meng Wanzhou ដែលជាប្រធានផ្នែករបស់ក្រុមហ៊ុនបាននិយាយថា Huawei បានវិនិយោគយ៉ាងច្រើននៅក្នុងបច្ចេកវិទ្យាមូលដ្ឋានដើម្បីប្រើប្រាស់ឌីជីថលនីយកម្ម និង ភាពឆ្លាតវៃ ដោយផ្តោតលើការបង្កើតតម្លៃសម្រាប់អតិថិជន និងដៃគូរបស់ខ្លួន។
ក្នុងឆ្នាំ 2022 ក្រុមហ៊ុនបានរកប្រាក់ចំណូលសរុបចំនួន 642.3 ពាន់លានយ័ន កើនឡើងពី 636.8 ពាន់លានយ័ន កាលពីឆ្នាំមុន។ ការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បានកើនឡើងដល់ 161.5 ពាន់លានយ័នក្នុងឆ្នាំ 2022 ដែលស្មើនឹង 25.1 ភាគរយនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន។
មានមូលដ្ឋាននៅទីក្រុង Shenzhen ប្រទេសចិន ក្រុមហ៊ុន Huawei គឺជាអ្នកផ្តល់សេវាឈានមុខគេលើសកលលោកនូវហេដ្ឋារចនាសម្ព័ន្ធ ICT និងឧបករណ៍ឆ្លាតវៃ៕