យានអវកាស Luna-25 របស់រុស្ស៊ី បានធ្លាក់ចូលទៅក្នុងឋានព្រះច័ន្ទ បន្ទាប់ពីគម្រោងនៃការចង់ចុះចតលើប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ត្រូវទទួលរងបរាជ័យ។ នេះជាបេសកកម្មទៅកាន់ឋានព្រះច័ន្ទលើកដំបូងរបស់រុស្ស៊ីក្នុងរយៈពេលជិត 50ឆ្នាំមកនេះ។
យាននេះគឺដោយសារតែជាលើកដំបូង ហើយមិនធ្លាប់ដែលបានចុះចតនៅលើប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទ ប៉ុន្តែបានបរាជ័យបន្ទាប់ពីជួបប្រទះបញ្ហានៅពេលដែលវាបានផ្លាស់ទីទៅក្នុងគន្លង មុនការចុះចតរបស់វា។ យាន្តរបស់រុស្សីនេះ ត្រូវបានគេកំណត់ដើម្បីរុករកផ្នែកមួយនៃឋានព្រះច័ន្ទ ដែលអ្នកវិទ្យាសាស្ត្រគិតថាអាចផ្ទុកទឹកកក និងធាតុដ៏មានតម្លៃ។
Roscosmos ដែលជាអវកាសរដ្ឋរបស់រុស្ស៊ីបាននិយាយនៅព្រឹកថ្ងៃអាទិត្យថា ខ្លួនបានបាត់បង់ការទាក់ទងជាមួយយាន Luna-25 ភ្លាមៗបន្ទាប់ពីម៉ោង 14:57 រសៀល កាលពីថ្ងៃសៅរ៍។
ប្រភពខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរកឃើញបឋមបានបង្ហាញថា យានចុះចតដែលមានទម្ងន់ 800 គីឡូក្រាម “បានឈប់ ហើយនេះជាលទ្ធផលនៃការប៉ះទង្គិចជាមួយផ្ទៃព្រះច័ន្ទ” ។ អវកាសរដ្ឋរបស់រុស្សី បាននិយាយថាគណៈកម្មាការពិសេសមួយនឹងពិនិត្យមើលថាហេតុអ្វីបានជាបេសកកម្មបរាជ័យ។
ប្រទេសរុស្ស៊ីកំពុងប្រជែងគ្នាទៅកាន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ជាមួយនឹងប្រទេសឥណ្ឌា ដែលយានអវកាស Chandrayaan-3 គ្រោងនឹងចុះចតនៅទីនោះក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ហើយបញ្ជូនយានរុករកដើម្បីរុករកថ្ម និងរណ្ដៅនានា ដោយប្រមូលទិន្នន័យ និងរូបភាពដើម្បីបញ្ជូនត្រឡប់មកផែនដីវិញ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យរបស់ទីភ្នាក់ងារអវកាសឥណ្ឌា Isro បានពណ៌នាការធ្លាក់យាន Luna-25 ថាជា “អកុសល” ។ពួកគេបានប្រាប់ BBC ថា “រាល់បេសកកម្មក្នុងលំហគឺមានគ្រោះថ្នាក់ និងត្រូវការបច្ចេកទេសខ្ពស់។ វាជារឿងអកុសលដែល Luna-25 បានធ្លាក់” ។
អវកាសរដ្ឋរុស្សី Roscosmos បានទទួលស្គាល់ថាបេសកកម្ម Luna-25 គឺមានគ្រោះថ្នាក់ ហើយអាចបរាជ័យ។ យាននេះបានបាញ់បង្ហោះចេញពី Vostochny Cosmodrome ក្នុងតំបន់ Amur ភាគខាងកើតនៃប្រទេសរុស្ស៊ី កាលពីថ្ងៃទី 11 ខែសីហា ហើយបន្ទាប់មកបានចូលដល់គន្លងរបស់ព្រះច័ន្ទដោយជោគជ័យនៅថ្ងៃពុធ កាលពីសប្តាហ៍មុន។
Luna-25 គឺជាបេសកកម្មឋានព្រះច័ន្ទដំបូងរបស់រុស្ស៊ីចាប់តាំងពីឆ្នាំ 1976 នៅពេលដែលវាជាផ្នែកមួយនៃសហភាពសូវៀត។ បេសកកម្មនៅពេលនោះមានឈ្មោះថា Luna-24 ហើយបានចុះចតដោយជោគជ័យលើឋានព្រះច័ន្ទ៕