ទីផ្សារស្មាតហ្វូនអេក្រង់បត់ មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសចិន ជាមួយនឹងការនាំចេញកើនឡើង 173 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ឈានដល់ 1.26 លានគ្រឿងក្នុងត្រីមាសទីពីរនៃឆ្នាំ 2023 នេះ។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារពិភពលោក International Data Corporation បាននិយាយថា នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ប្រទេសចិន បាននាំចេញទូរស័ព្ទអេក្រង់បត់ ចំនួន 2.27 លានគ្រឿង ដែលជាការកើនឡើង 102 ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុន Huawei បានរក្សាតំណែងកំពូលរបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់ ក្នុងស្រុកជាមួយនឹងចំណែកទីផ្សារ 43 ភាគរយនៅក្នុងត្រីមាសទី 2 នៃឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុន Vivo បានកើនឡើងដល់ចំណាត់ថ្នាក់ទីពីរដោយកាន់កាប់ចំណែកទីផ្សារ 19.7 ភាគរយ។ ទិន្នន័យពី IDC បង្ហាញថា Oppo ទទួលបានចំណែកទីផ្សារ 15.9 ភាគរយ ដែលជាប់ចំណាត់ថ្នាក់ទីបីក្នុងត្រីមាសទីពីរ។
IDC បាននិយាយថា ចាប់តាំងពីការដាក់បង្ហាញទូរសព្ទអេក្រង់បត់ ទីផ្សារពិសេសរក្សាបាននូវកំណើនយ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្នគឺជាផ្នែកតែមួយគត់ដែលបន្តបង្ហាញពីការកើនឡើងនៅក្នុងទីផ្សារស្មាតហ្វូនទាំងមូល។
IDC បន្ថែមថា ជាមួយនឹងភាពប្រសើរឡើងបន្តិចម្តងៗនៃបច្ចេកវិទ្យាដែលទាក់ទងនឹងអេក្រង់ និងការថយចុះតម្លៃផលិតផល អ្នកប្រើប្រាស់កាន់តែទទួលយកស្មាតហ្វូនអេក្រង់បត់៕