fbpx

ជនជាតិដើមភាគតិចត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងរំឭកឱ្យ អភិរក្សប្រពៃណី និងចូលរួមជួយអភិវឌ្ឍន៍មូលដ្ឋាន

អត្ថបទដោយ រាជ មេសា
143 views

អាជ្ញាធរខេត្តស្ទឹង ត្រែងក្រើនរំឭកឱ្យបងប្អូនជនជាតិដើមភាគតិចចំនួន(៥អំបូរ)នៅស្រុកសៀមប៉ាងបន្តរួមគ្នាអភិរក្សប្រពៃណីរបស់ខ្លួនហើយបង្កើនការអភិវឌ្ឍន៍មូលដ្ឋាននិងបន្ថែមការអប់រំកូនចៅឱ្យនៅឆ្ងាយពីគ្រឿងញៀន ដើម្បីមូលដ្ឋានរស់នៅមានសុវត្ថិភាព។

ក្នុងពិធីអបអរសាទទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៩និងលើកទី១៩នៅកម្ពុជាធ្វើឡើងនៅឃុំសន្តិភាពស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៩ខែសីហា លោកសួងចាន់រដ្ឋាអភិបាលរងស្រុកមានប្រសាសន៍ថា៖ បងប្អូនជនជាតិដើមភាគតិចត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនរក្សានូវកេរល្អបន្តទៀត ព្រោះបច្ចុប្បន្នបងប្អូនទទួលបានការលើកស្ទួយសិទ្ធិជនជាតិដើមភាគតិចរស់នៅក្នុងសង្គម ពីអាជ្ញាធរមូលដ្ឋាននិងរាជរដ្ឋាភិបាលស្របច្បាប់។ លោកបន្ថែមថា៖ដើម្បីចូលរួមលើកគុណតម្លៃនេះមិនថាតែប្រជាពលរដ្ឋខ្មែរទេបងប្អូនជនជាតិយើងក៏ត្រូវដើរតួនាទីសំខាន់ដែរក្នុងការជួយសង្គមជាតិ ដូចនេះត្រូវបង្កើនការអប់រំកូនចៅឱ្យគោរពច្បាប់សង្គមនិងចាកឆ្ងាយពីគ្រឿងញៀន បានន័យថាយើង ធ្វើយ៉ាងណាអប់រំកូនចៅឱ្យយល់ពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំដែលធ្វើឱ្យប្រទេស ជាតិយើងមានសុខសន្តិភាពមក ដល់សព្វថ្ងៃនេះ។     

លោកកនសុខ ជនជាតិកាវែត មកចូលរួមក្នុងពិធីនេះ បានទទួល យកការដាស់តឿននេះព្រោះពួកគាត់ក៏យល់ថា ការប្រើប្រាស់គ្រឿងញៀនវាបានបំផ្លាញខ្លួនឯងដែរ។ លោកបន្តថា៖ បច្ចុប្បន្ននេះពុកម៉ែបងប្អូនជនជាតិចេះតែអប់រំកូនចៅឱ្យបោះបង់កុំដើរទៅតាមគេ អ្នកប្រព្រឹត្តអាក្រក់នោះ និងកុំភ្លើតភ្លើនចូលជាក្មេងទំនើងក្មេងស្ទាវត្រូវតែធ្វើខ្លួនជាកូនល្អសម្រាប់គ្រួសារនិងពលរដ្ឋល្អសម្រាប់សង្គម។    

លោកស្រីនួនមុន្នីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍជនជាតិដើមភាគតិចនៃក្រសួងអភិវឌ្ឍជនបទមានប្រសាសន៍គាំទ្រចំពោះការយល់ដឹងនេះ ព្រោះកន្លងមកក្រុម ការងារអង្គការជនជាតិដើមភាគតិចបានចូលរួមធ្វើសកម្មភាពទាំងការអប់រំនិងការដាស់ស្មារតីឱ្យបងប្អូនជនជាតិរួមគ្នាអភិរក្សនូវវប្បធម៌ ប្រពៃណី – ឧបករណ៍ប្រើប្រាស់ – សម្លៀកបំពាក់ និង ភាសា កុំឱ្យបាត់បង់ដើម្បីទុកបង្ហាញឱ្យកូនចៅជំនាន់ក្រោយបានស្គាល់និងមានប្រយោជន៍បម្រើឱ្យវិស័យទេសចរណ៍ផង។ សូមបញ្ជាក់ថា៖ នៅស្រុកសៀមប៉ាងមានអំបូរជនជាតិដើមភាគតិចរស់នៅចំនួន៥អំបូរ ក្នុងនោះមានជនជាតិ កាវែត – លន់ – គ្រឹង – កាចក់ និង ចារាយ សរុបមានចំនួនជិត ១.០០០គ្រួសារ ស្មើនឹងចំនួនមនុស្ស ជាង៤.៥០០នាក់៕  

អត្ថបទពាក់ព័ន្ធ