fbpx

កន្លែងទេសចរណ៍ប្រវត្តិសាស្ត្រ​ ប្រាសាទក្រោលគោជាកន្លែងទស្សនាថ្មីមួយទៀត បន្ទាប់ពីប្រាសាទនាគព័ន្ធ

អត្ថបទដោយ រាជ មេសា
153 views

នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានប្រាសាទបុរាណចំនួនជិត១០០ប្រាសាទ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក។ ជាក់ស្តែងប្រាសាទក្រោលគោជាកន្លែងទស្សនាថ្មីមួយទៀត បន្ទាប់ពីប្រាសាទនាគព័ន្ធ ដែលភ្ញៀវទេសចរ មិនគួរមើលរំលងឡើយ ដោយសារមានប្រាង្គប្រាសាទនិងសម្រស់ធម្មជាតិ យ៉ាងស្រស់ស្អាត។

លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សព្វថ្ងៃនេះអាជ្ញាធរជាតិអប្សរា កំពុងតែជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ និងចូលទស្សនាប្រាសាទ ជាច្រើន ដែលសុទ្ធសឹងតែមានគុណតម្លៃជាបេតិកភណ្ឌពិភពលោក មិនចាញ់ការចូលទស្សនាប្រាសាទធំៗមួយចំនួន ក្នុងតំបន់អង្គរឡើយ។ តួយ៉ាង នៅតាមផ្លូវទស្សនាវង់ធំ មានប្រាសាទបុរាណជាច្រើន ក្រៅពីប្រាសាទព្រះខ័ន និង ប្រាសាទនាគព័ន្ធ ក៏នៅមានប្រាសាទខ្លះទៀត ដូចជា៖ ប្រាសាទប្រី ប្រាសាទបន្ទាយប្រី ប្រាសាទក្រោលគោ និង ប្រាសាទក្រោលរមាស ដែលភ្ញៀវទេសចរភាគតិចណាស់បានស្គាល់។

លោកបន្តថា ដើម្បីជំរុញកំណើនភ្ញៀវទេសចរ ឱ្យបានស្គាល់ទីតាំងប្រាសាទទាំងនោះកាន់តែច្រើន កាត់បន្ថយការ កកស្ទះនៅប្រាសាទធំៗ ការងារចម្បងរបស់មន្រ្តីជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងតែកាត់ក្រីមែកឈើខ្លះនៅតាមដងផ្លូវ និងបរិវេណជុំវិញប្រាសាទទាំងនោះ មានប្រាសាទប្រី ប្រាសាទបន្ទាយប្រី និងប្រាសាទក្រោលគោ ដើម្បីអាចមើលឃើញ ទេសភាពនៃប្រាសាទបាន។ ក្រោយពេលការងារកាត់ក្រីមែកឈើ ឱ្យស្រឡះល្អ ក៏ឃើញមានទេសចរខ្លះៗ ដើរឆ្លងកាត់ បានឃើញប្រាសាទនេះ ក៏ចូលមកទស្សនាតាមច្រកកំពែងខាងលិចនៃប្រាសាទក្រោលគោ។

បើសិនជាភ្ញៀវបានមកទស្សនាគាត់និងឃើញទិដ្ឋភាពមួយប្លែកពីប្រាសាទផ្សេងទៀតដែរ ព្រោះទីនេះយើង ឃើញមានសក្តានុពលមានដើមឈើដុះជុំវិញ ទាំងនៅក្នុងកំពែង និងកសិណទឹកនៅជុំវិញ ហើយប្រាសាទនេះ គឺមាន សភាពស្ងប់ស្ងាត់ ដែលជួយជំរុញភ្ញៀវទេសចរដែលគាត់ចូលចិត្តភាពស្ងប់ស្ងាត់ ដែលមិនចូលចិត្តទីកន្លែងដែលមាន មនុស្សច្រើន មានន័យថាយើងរៀបចំទៅចំនឹងទីផ្សារភ្ញៀវទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់។

លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានក្តីរំពឹងថា នាថ្ងៃខាងមុខ ភ្ញៀវទេសចរ នឹងបានស្គាល់ប្រាសាទបុរាណមួយនេះកាន់តែច្បាស់ ដោយផ្សារភ្ជាប់ជាមួយការទស្សនាប្រាសាទនាគព័ន្ធ។ ជំហានបន្ទាប់ក្រុមការងារ គ្រោងរៀបចំដាក់ស្លាកសញ្ញាបន្ថែម និងបំពាក់នូវព័ត៌មានប្រវត្តិសាស្ត្រនៃប្រាសាទ ដើម្បីឱ្យ ភ្ញៀវទេសចរបានស្វែងយល់។

សូមជម្រាបថា ប្រាសាទក្រោលគោ គឺជាប្រាសាទបុរាណបែបព្រះពុទ្ធសាសនាខ្មែរ ដែលត្រូវបានកសាងឡើង នៅចុង សតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងជើងប្រាសាទនាគព័ន្ធ។ ប្រាសាទក្រោលគោ មានប្រាង្គតែមួយ ស្ថិតនៅលើលានរាងកាកបាទ និងមានបណ្ណាល័យមួយ ធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់បែរមុខទៅទិសខាងត្បូង។ កំពែងប្រាសាទ ធ្វើអំពីថ្មបាយក្រៀម ដែលមានគោបុរៈនៅទិសខាងកើត និងមានគូទឹក ព័ទ្ធជុំវិញ៕

អត្ថបទពាក់ព័ន្ធ