កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អូ ស៊ី អាយ ស៊ី ជាក្រុមហ៊ុនអចលទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា ដែលពេលថ្មីៗកន្លងទៅនេះ អូ ស៊ី អាយ ស៊ី បានទទួលនូវពានរង្វាន់កិត្តិយស ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្អជាងគេ ប្រចាំឆ្នាំ២០២៣ (Best Developer 2023)។
ចំណែកគម្រោងដាយមិន បេ ហ្គាដិន (Diamond Bay Garden) ដែលអភិវឌ្ឍដោយ អូ ស៊ី អាយ ស៊ី ក៏ទទួលបាននូវពានរង្វាន់ចំនួនពីរផងដែរ គឺ (១) ពានរង្វាន់អភិវឌ្ឍខុនដូល្អជាងគេ ក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២៣ (Best Condo Development 2023) និង (២) ពានរង្វាន់ខុនដូ មានទេសភាពជាប់ដងទន្លេរស្អាតជាងគេ ក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២៣ (Best Waterfront Condo 2023)។
ជ័យលាភី ដែលក្រុមហ៊ុន អូ ស៊ី អាយ ស៊ី ទទួលបានក្នុងឆ្នាំ ២០២៣ នេះ ត្រូវបានរៀបចំឡើង និងផ្ដល់ជូនដោយ Property Guruមកពីប្រទេស សិង្ហ បុរី ដែលបានមើលឃើញនូវស្នាដៃ ភាពច្នៃប្រឌិត លទ្ធផល ក៏ដូចជា ការគាំទ្ររបស់អតិថិជន ដែលបង្ហាញឱ្យឃើញថាក្រុមហ៊ុន អូ ស៊ី អាយ ស៊ី បានរួមចំនែកលើការអភិវឌ្ឍ និងលើកស្ទួយវិស័យអចលនទ្រព្យ នៅកម្ពុជាអស់ជាង២៣ឆ្នាំមកហើយ និងកំពុងបន្តបេសកកម្ម ក្នុងវិស័យអចលនទ្រព្យ ឱ្យកាន់តែមានភាពរីកចំរើនឡើង ប្រកបដោយចេរភាព។
ក្នុងដំណើរនៃការបន្តបេសកកម្មនេះ គម្រោងខុនដូ ដាយមិន បេ ហ្គាដិន (Diamond Bay Garden) ដែលទទួលបានពានរង្វាន់ចំនួនពីរ គឺជាគម្រោងខុនដូ ចុងក្រោយគេ ដែលត្រូវបានអភិវឌ្ឍឡើងស្ថិតនៅទីតាំង ដ៏មានសក្ដានុពល ស្ថិតនៅកណ្ដាលទីក្រុងកោះពេជ្រ ហ៊ុំព័ទ្ធដោយអគារពាណិជ្ជកម្ម និងអគារតូចធំជាច្រើន ជាពិសេសនៅក្បែ ស្ពានឆ្លងទន្លេ ដែលតភ្ជាប់កោះពេជ្រ ទៅកាន់កោះនរា ដែលត្រៀមសម្ភោធដាក់ឱ្យប្រើប្រាស់នាដំណាច់ឆ្នាំ ២០២៣ខាងមុខនេះ។
ដាយមិន បេ ហ្គាដិន មានអគារសរុបចំនួន៣ មានបន្ទប់សរុប ១,៥០០យូនីត បំពាក់មកជាមួយគ្រឿងបរិក្ខាទំនើប មានសុវត្ថិភាព និងមានផាសុខភាព អមមកជាមួយទេសភាព ដ៏ត្រកាល នៃដងទន្លេទាំង ៤ និងអាចទស្សនាសម្រស់រាជធានីភ្នំពេញ បាន៣៦០ដឺក្រេ។ បច្ចុប្បន្ននេះ ដាយមិន បេ ហ្គាដិន បានប្រកាសដាក់លក់ហើយ ក្រោមការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ដែលគ្រោងនឹងសម្ភោធន៍ជាផ្លូវការនាដំណាច់ឆ្នាំនេះផងដែរ។
នាឱកាសចូលរួមកម្មវិធីនោះ លោក TEA Theirry អនុប្រធាននៃ ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី បានបង្ហាញចំណាប់អារម្មណ៍ថា “យើងខ្ញុំពិតជាមានសេចក្តីត្រេកអរ ដែលគណៈកម្មាធិការ សុទ្ធសឹងជាអ្នកជំនាញផ្នែកវិស័យអចលទ្រព្យ បានធ្វើការកោតសរសើរ ទៅលើកិច្ចខិតខំប្រឹងប្រែង និងភាពឆ្នៃប្រឌិត ដែលយើងខ្ញុំបានសំរិតសំរាំងក្នុងការអភិវឌ្ឍគម្រោង ដាយមិន បេ ហ្គាដិន ជាពិសេសជ្រើសរើសទីតាំងដែលល្អឥតខ្ចោះ ជាមួយទេសភាពដងទន្លេ។
លោកបន្តថា អូ ស៊ី អាយ ស៊ី ពិតជាមានកិត្តិយសបំផុត ដែលបានឈ្នះពានរង្វាន់ដល់ទៅ៣ ដែលជ័យលាភីនេះ ប្រៀបបានជាកេរតំណែលដ៏សំខាន់ និងអស្ចារ្យមួយ ស្ថិតក្រោមម្លប់របស់ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ស្ថាបនិក ក្រុមហ៊ុនអូ ស៊ី អាយ ស៊ី ដែលរូបលោក បានលះបង់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសវិស័យអចលទ្រព្យជាងពីរសតវត្សចុងក្រោយមកនេះ”។
លោកបានបន្ថែមទៀតថា “ជាមួយការទទួលស្គាល់ នូវភាពជោគជ័យមួយនេះពី Property Guru ខ្ញុំបាទសូមយកឱកាសដ៏មានតម្លៃនេះ ថ្លែងអំណរគុណដល់ ដៃគូសហការណ៍ទាំងរដ្ឋ និងឯកជន អតិថិជនទាំងអស់ ដែលនៅតែបន្តគាំទ្រ និងជឿជាក់មកលើក្រុមហ៊ុន ក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាងក្រុមហ៊ុន រហូតមកដល់ចំណុចនេះ”។ លោកបន្ថែមថា “យើងមានជំនឿយ៉ាងមុតមាំថា រាល់សកម្មភាព និងបេសកកម្ម ដែលក្រុមហ៊ុនបានកសាងមក គឺជាកត្តាជំរុញភាពរីកចម្រើន របស់ប្រទេសកម្ពុជា ហើយពានរង្វាន់ទាំងនេះ និងកាន់តែលើកទឹកចិត្តឱ្យ យើងខ្ញុំបន្តការអភិវឌ្ឍ ស្ថាបត្យកម្មសំណង់ នៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរទ្វេរដងទៅទៀត”។
ការឈ្នះពានរង្វាន់ជា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្អជាងគេប្រចាំឆ្នាំ ២០២៣ (Best Developer 2023) នេះ គឺជាការបើកទំព័រថ្មីមួយទៀត ដើម្បីជំរុញឱ្យ ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី បន្តបំរើអតិថិជននៅក្នុងវិស័យអចលទ្រព្យ ប្រកបដោយភាពជឿជាក់ មានទំនុកចិត្តខ្ពស់ ពោពេញដោយភាពឆ្នៃប្រឌិតខ្ពស់ ក៏ដូចជាបន្តកសាង និងស្ថាបនាប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើនឡើង៕