fbpx

ប្រជាកសិករ ត្រូវបានក្រសួងកសិកម្មកំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាពក្នុងការផ្ដល់សេវា

អត្ថបទដោយ រាជ មេសា
163 views

រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា ក្រសួងកំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាពក្នុងការផ្ដល់សេវាដល់ប្រជាកសិករ ជាពិសេសនឹងផ្តោតលើកម្មវិធីអភិវឌ្ឍអ្នកជំនាញកសិកម្ម។ ការថ្លែងបែបនេះរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានធ្វើ ឡើងក្នុងឱកាសចូលរួមពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថល (Digital Transformation) ជាមួយអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងការស្វាគមន៍ និងអរគុណក្រុមហ៊ុនមិត្តហ្វូន ដែលបានជួយដល់សាលាកសិកម្មក្នុងការអភិវធ្ឍធនធានមនុស្ស ។ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតលើកម្មវិធីអភិវឌ្ឍ ជាពិសេសអ្នកជំនាញកសិកម្មដើម្បីជួយដល់កសិករនៅមូលដ្ឋានទូទាំងប្រទេសដែលនេះជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល។

នៅក្នុងវិស័យកសិកម្ម ឯកឧត្តមបានគូសបញ្ជាក់ថា ទាក់ទងនឹងការងារធ្វើទំនើបកម្មបែបឌីជីថលនេះ ក្រសួងត្រូវការការសហការពីវិស័យឯកជន ដោយក្នុងនោះសម្រាប់ផ្នែករឹង (Hardware) គឺក្រសួងត្រូវការប្រភេទដ្រូន (Drone) សម្រាប់ឈ្លបយកការណ៍ដោយមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំងការងារអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង។ រីឯផ្នែកទន់ (Software) គឺការបណ្តុះបណ្តាលធនធានមនុស្ស ដែលក្នុងនោះរួមមានជំនាញកសិកម្ម បច្ចេកវិទ្យាថ្មីៗ ព្រមទាំងភាសាអង់គ្លេស ដើម្បីពង្រឹងគុណ ភាព និង បង្កើនប្រសិទ្ធភាពការងារ ។

អត្ថបទពាក់ព័ន្ធ