នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឧកញ៉ា ភូ ពុយ ម្ចាស់រោងម៉ាស៊ីនកិនស្រូវប៉ៃតងកម្ពុជាខេត្តបាត់ដំបង ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពពិតប្រាកដនៃតម្លៃស្រូវអង្ករ។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមានការសហការគ្នាល្អ និងកសាងបណ្តាញពូជស្រូវសុទ្ធ ពិសេសពូជស្រូវសែនក្រអូបនិងផ្ការំដួល ដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ មានខ្សែច្រវាក់ទីផ្សារល្អ។ លើសពីនេះទៀត ត្រូវជំរុញឱ្យកសិករប្រើប្រាស់ពូជស្រូវសុទ្ធនេះ និងប្រមូលទិញមកវិញ តាមតម្លៃកិច្ចសន្យា។ ជាគោលបំណង គឺដើម្បីជួយដល់កសិករឱ្យមានទីផ្សារ ទទួលបានផលចំណេញទាំងអស់គ្នា និងជួយដល់សេដ្ឋកិច្ចជាតិ។
បន្ទាប់ពីនោះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ បានបន្តចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតក្នុងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងពេលចុះពិនិត្យឃ្លាំងស្តុកស្រូវ ឡសំងួត គ្រឿងចក្រកសិកម្ម និងសិក្សាពីដំណើរការនៃការផលិតពូជស្រូវរួចមក ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់៕