fbpx

លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម ២៩ឆ្នាំ ក្នុងការងារអភិរក្សប្រាសាទបុរាណ

អត្ថបទដោយ ពិទូ
180 views

លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម គឺជាអ្នកជំនាញម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀត ដែលបានចូលរួមធ្វើការងារជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណជាច្រើននៅខេត្តសៀមរាប។

ស្ថិតក្នុងវ័យ៧១ឆ្នាំ មានពាក់មួកការពារសុវត្ថិភាព ព្រមទាំងនៅក្នុងដៃមានកាន់ដុំឥដ្ឋធ្វើការនៅក្នុងការដ្ឋានផង ព្រឹទ្ធាចារ្យ ស៊ឹម អឿម ធ្វើការបណ្ដើរនិយាយបណ្ដើរថា លោកបានធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណតាំងតែពីឆ្នាំ១៩៩៤ មកម៉្លេះ។

មូលហេតុដែលលោកសម្រេចចិត្តចូលធ្វើជាអ្នកជួសជុលប្រាសាទបុរាណនេះ ដោយសារតែរូបលោកមានចិត្តស្រឡាញ់ប្រាសាទបុរាណ និងចង់បំពេញការងារថែរក្សា អភិរក្សប្រាសាទបុរាណដែរ។ ម្យ៉ាងទៀត ការជួសជុលប្រាសាទនេះក៏ជាការបន្តពីជីតា ឪពុករបស់គាត់ ហើយក៏ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញបរទេសតាំងពីឆ្នាំ១៩៩៤មកដែរ។ ក្នុងរយៈពេលជាង២៩ឆ្នាំមកនេះ លោកព្រឹទ្ធាចា្យបានបំពេញការងារជួសជុលប្រាសាទឥដ្ឋដូចជា ប្រាសាទព្រះគោ ប្រាសាទបាគង និងប្រាសាទលលៃ។ល។

ជាការចែករំលែកព័ត៌មាន លោកព្រឹទ្ធាចារ្យបានលើកពីវិធីសាស្ត្រនៃការជួសជុល និងការតភ្ជាប់ប្រាសាទឥដ្ឋដោយរៀបរាប់ថា ការជួសជុលប្រាសាទបុរាណដែលធ្វើអំពីឥដ្ឋនីមួយៗ គឺត្រូវប្រុងប្រយ័ត្នខ្ពស់ ត្រូវសិក្សាពីទិសឬជ្រុងរបស់ឥដ្ឋ ថាតើ មានចំណុចណាខ្លះដែលក្រៀកចេញឬស្រុតចុះ? ត្រូវមើលឱ្យច្បាស់លាស់ថាតើដុំឥដ្ឋមួយណាដែលខូចខាតត្រូវដកចេញ និងមួយណាត្រូវទុកវាដើម្បីធ្វើការជួសជុលជាដើម។ ចំណែកលក្ខណៈនៃការតភ្ជាប់ឥដ្ឋទៀតសោត មុនដំបូង គឺត្រូវកោសកម្ទេចដី សម្អាតឬសឈើ កម្ទេចកម្ទីរួចហើយ លាងទឹកឱ្យស្អាត ដោយត្រូវមើលកម្រាលឥដ្ឋ តើឥដ្ឋនេះមានកម្រាស់ប៉ុណ្ណា? ជួនកាលឥដ្ឋខ្លះមានកម្រាស់២ហ៊ុន ៣ហ៊ុន ៤ហ៊ុន រួចហើយត្រូវដាប់កម្រាស់ឥដ្ឋឱ្យស្មើៗគ្នា៕

អត្ថបទពាក់ព័ន្ធ