fbpx

ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ កម្ពុជា

អត្ថបទដោយ ពិទូ
132 views

តបតាមការញ្ជើញរបស់ ឯកឧត្តម សារ៉ាន់ ចារើនសុវណ្ណ លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការបរទេសថៃ លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារ នៅទីក្រុងបាងកក ពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៣។​

នៅក្នុងឱកាសទស្សនកិច្ចការងារនេះ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការ និងឯកឧត្តម លេខាធិការអចិន្ត្រៃយ៍ បានពិភាក្សាយ៉ាងផុសផុលអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ លើគ្រប់វិស័យ ដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ការងារ ការដោះមីន និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។

ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរបានផ្តោតការពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកជំទាវបណ្ឌិត រដ្ឋលេខាធិការ និងឯកឧត្តម លេខាធិការអចិន្ត្រៃយ៍ មានជំនឿយ៉ាងមុតមាំថា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិសយ័របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើររវាងព្រះរាជាណាចក្រទាំងពីរនឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ។

អត្ថបទពាក់ព័ន្ធ