fbpx

ឆ្នាំ២០៥០! សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យពលរដ្ឋយកកូនឱ្យបានច្រើន ដើម្បីត្រៀមធ្វើជាពលរដ្ឋពេញកម្លាំង

អត្ថបទដោយ រាជ មេសា
170 views

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យពលរដ្ឋយកកូនឱ្យបានច្រើនដើម្បីត្រៀមធ្វើជាពលរដ្ឋពេញកម្លាំងសម្រាប់ឆ្នាំ២០៥០ ខណៈកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលនោះ។

ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតី អញ្ជើញចុះជួបសំណេះសំ ណាលជាមួយកម្មករនិយោជិតចំនួន ១៨ ១០៤ នាក់ មកពីរោងចក្រសហគ្រាសចំនួន១៨ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី បានស្នើឱ្យក្រសួងផែនការពិនិត្យស្ថិតិឱ្យបានច្បាស់លាស់ដើម្បីឱ្យប្រាកដថា នៅឆ្នាំ២០៥០ មានអត្រាប្រជាពលរដ្ឋចាស់ខ្ពស់ពិតប្រាកដមែនឬអត់។ បើសិនបញ្ហានេះជារឿងពិត សម្ដេចធិបតី ថ្លែងថា ក្រសួងផែនការគួរគិតគូរតុល្យភាពប្រជាសាស្ត្រកម្រិតណា កុំចាំដល់ឆ្នាំ២០៥០ ស្របពេលប្រទេសមានបានធូរធា គ្មាននរណាចង់បានកូនទៀតទេ ព្រោះត្រូវចំណាយច្រើនសម្រាប់ការចិញ្ចឹមបីបាច់។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តតាកែវមានរោងចក្រសហគ្រាសចំនួន២៣៣ និងមានកម្មករនិយោជិតកំពុងបម្រើការងារសរុប ៦៨ ០០០នាក់ ដែលផ្តល់ប្រាក់ឈ្នួលសរុបប្រមាណ ២០៩លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរមានចំនួន ៦៦ផ្តល់ការងារជូនកម្មករនិយោជិតសរុបប្រមាណ ៥៨ ០០០នាក់ផ្តល់ប្រាក់ឈ្នួលសរុបជាង ១៨២លានដុល្លារក្នុងមួយឆ្នាំ ។ខេត្តតាកែវឈរនៅលំដាប់ទី៤ ជាខេត្តមានការអភិវឌ្ឍរោងចក្រសហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។

នេះជាលើកទី៤ ហើយដែលសម្តេចធិបតី បានអញ្ជើញចុះជួបកម្មករ និយោជិត នៅតាមរោងចក្រក្នុងបណ្តាខេត្តនិរាជធានីភ្នំពេញ ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែ សីហានៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញមានកម្មករនិយោជិតចូលរួមចំនួន ១៨ ០១៣នាក់, លើកទី២ធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២៣ នៅក្រុងតាខ្មៅខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨ ២៨៩នាក់ និងលើកទី៣ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៣ នៅស្រុកសំរោងទងខេត្តកំពង់ស្ពឺមានកម្មករ និយោជិតចូលរួម ១៨ ២៦៥នាក់៕ 

អត្ថបទពាក់ព័ន្ធ