នៅរាត្រី ថ្ងៃអាទិត្យ ទី២៤ កញ្ញា ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរចាកចេញពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកហើយ ឆ្ពោះមកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ រយៈពេល ៣ថ្ងៃកន្លងមកនេះ។
នៅទឹកដីសហរដ្ឋអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយ បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក ដែលមានចំនួនប្រមាន ២៥០០នាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយក្តីរីករាយ ដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅអាមេរិក និងកាណាដា។ ហើយក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលឆ្លៀតពេលយ៉ាងមមាមញឹកក្នុងការអញ្ជើញមកគាំទ្រ និងអបអរសាទរសម្ដេចនាពេលនេះ។
សម្តេចធិបតីបានមានប្រសាសន៍ថា រាល់ដងធ្លាប់តែនៅក្រោយឆាករៀបចំឱ្យតែសម្តេចតេជោ តែ ថ្ងៃនេះឡើងវេទិកាមុខប្រជាពលរដ្ឋជាង២ពាន់នាក់។ សម្តេចធិបតី បានបន្តថា ការស្កាត់ជួបជុំគ្នានៅអាមេរិកពេលនេះ គឺជាការបង្ហាញឱ្យឃើញពីសាមគ្គីរវាងខ្មែរ និងខ្មែរ។
ហើយឆ្លៀតនៅក្នុងឱកាសនេះ សម្តេចធិបតី ក៏បាននាំយកការផ្តាំផ្ញើនឹករលឹក និងសួរសុខទុក្ខពីសម្តេចតេជោ ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាដែលរស់នៅក្រៅប្រទេស។ សម្តេចតេជោ តែងតែនឹករលឹក និងគិតគូរប្រជាពលរដ្ឋគ្រប់ទីកន្លែង។
នាព្រឹកថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព និងជោគជ័យ បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕