iPhone 15 Pro Max ដែលនាំមកពីបរទេសឥឡូវនេះត្រូវបានលក់ក្នុងតម្លៃប្រហែល 40 លានដុង (1,650 ដុល្លារអាមេរិក) នៅក្នុងប្រទេសវៀតណាម ដែលតម្លៃនេះបាន ធ្លាក់ចុះ 20% ក្នុងរយៈពេលបីថ្ងៃ។
ហាងលក់ទូរស័ព្ទទំនើបនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ កាលពីថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2023 បានដាក់លក់ iPhone 15 Pro Max ក្នុងតម្លៃ 40 លានដុងសម្រាប់ជម្រើសអង្គផ្ទុកទិន្នន័យ 256GB ។ សម្រាប់ជម្រើសផ្ទុក 512GB និង 1TB មានតម្លៃ 45 លានដុង និង 58 លានដុង។ ពាណិជ្ជករបានតម្រង់ជួរដើម្បីទិញផលិតផលទូរស័ព្ទថ្មី iPhone 15 នៅហាង Apple ក្នុងប្រទេសសិង្ហបុរី និងប្រទេសថៃ ហើយនាំយកមកលក់ នៅក្នុងប្រទេសវៀតណាម។
iPhone 15 ដំបូងគេមានលក់នៅថ្ងៃសុក្រសប្តាហ៍មុន មួយសប្តាហ៍មុនពេលមានការដាក់លក់ជាផ្លូវការនៅប្រទេសវៀតណាមក្នុងតម្លៃប្រហែល 70 លានដុង ឬ ខ្ពស់ជាងពាក់កណ្តាល នៃតម្លៃផ្លូវការនៅប្រទេសវៀតណាម។ លោក Nguyen Hieu ម្ចាស់ហាងលក់ទូរស័ព្ទ iPhone នៅទីក្រុងហាណូយ បាននិយាយថា លោកបានប្រមើលមើលការធ្លាក់ចុះនៃតម្លៃនៅឆ្នាំនេះ ដោយលោកបានទិញ iPhone 15 ចំនួន 20 គ្រឿងប៉ុណ្ណោះ ដើម្បីលក់ក្នុងរយៈពេល 3 ថ្ងៃចុងក្រោយនេះ។ ខ្សែសង្វាក់លក់រាយកំពុងរាយការណ៍ពីការខ្វះខាតនៃជម្រើសថ្លៃបំផុតគឺ iPhone 15 Pro Max ដោយសារតែតម្រូវការខ្ពស់ពីការបញ្ជាទិញជាមុន។ អ្នកលក់រាយបាននិយាយថា អតិថិជននឹងត្រូវរង់ចាំរហូតដល់ចុងខែតុលា សម្រាប់ការផ្គត់ផ្គង់ iPhone 15 បន្ថែមទៀត៕