fbpx

ចាប់តាំងពីរដ្ឋាភិបាលកម្ពុជា ជំរុញការនាំចូលរថយន្តអគ្គិសនី EV ពលរដ្ឋ ងាកមកប្រើកាន់តែច្រើន

អត្ថបទដោយ ពិទូ
375 views

លោក គីម ឃាង អាយុ ២៥ ឆ្នាំ ជាអាជីវករនៅកម្ពុជា បានសម្រេចចិត្តប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីចិន (EV) ដើម្បីសន្សំថ្លៃសាំង និងជួយរក្សាខ្យល់អាកាសបរិសុទ្ធ។ ថ្លែងប្រាប់សារព័ត៍មាន Xinhua ខណៈពេលកំពុងទិញរថយន្តអគ្គិសនី Hongqi នៅភ្នំពេញកាលពីពេលកន្លងទៅថ្មីៗនេះ លោក ឃាង សង្ឃឹមថា រថយន្តអគ្គិសនី EV នឹងកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈពាក់កណ្តាល និងរួមចំណែកការពារបរិស្ថាន។

លោក ឃាង បានប្រាប់ Xinhua ថា “ពីមុនខ្ញុំប្រើឡានសាំង ហើយការចំណាយរបស់ខ្ញុំលើថ្លៃសាំងគឺខ្ពស់បន្តិច គឺចន្លោះពី 300 ទៅ 400 ដុល្លារក្នុងមួយខែ។ ​តម្លៃ​រថយន្ត EV គឺ​ប្រហាក់ប្រហែល ​នឹង​រថយន្ត​សាំង​ដែរ។ រថយន្ត Hongqi EV នេះ​គឺ​ជា​រថយន្ត​ដែល​ខ្ញុំ​ចូលចិត្ត​ព្រោះ​វា​ជា​ម៉ាក​យីហោ​លំដាប់​ខ្ពស់​នៅ​ប្រទេស​ចិន ហើយ​វា​មាន​ភាពស្រស់ស្អាត គុណភាព​ខ្ពស់ និង​តម្លៃ​ប្រកួតប្រជែង​”។

លោកស្រី មឿង សុខម៉េង អ្នកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុន Mingyang Guoji Co., Ltd. ដែលជាភ្នាក់ងារផ្តាច់មុខរបស់យីហោ Hongqi នៅកម្ពុជាបាននិយាយថា ចាប់តាំងពីរដ្ឋាភិបាលចាប់ផ្តើមជំរុញការនាំចូលរថយន្ត EV មក ការចាប់អារម្មណ៍របស់អ្នកប្រើប្រាស់បានកើនឡើងគួរឱ្យកត់សម្គាល់ដោយសារប្រជាជនបានដឹងពីគុណសម្បត្តិដូចជាការកាត់បន្ថយថ្លៃដើមនៃប្រេងឥន្ធនៈ និងការពារបរិស្ថាន។

លោកស្រី បានប្រាប់ Xinhua ថា “បច្ចុប្បន្ននេះ យើងបានលក់រថយន្ត EV ជាច្រើន ទាំងខ្នាតតូច និងខ្នាតធំ ហើយរថយន្ត EV របស់យើងបានទទួលការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់”។ លោកស្រី បានបន្តថា ការចំណាយសាកថ្មពេញម្តង សម្រាប់រថយន្ត Hongqi EV មានតម្លៃត្រឹមតែ 9 ដុល្លារប៉ុណ្ណោះ ហើយអាចបើកបរបានចម្ងាយ 431 គីឡូម៉ែត្រ។

ប្រភពខាងលើ ថា “នៅចម្ងាយនេះ បើយើងប្រើឡានសាំង ត្រូវចំណាយដល់ទៅ 30 ដុល្លារ ដូច្នេះការប្រើប្រាស់រថយន្តអគ្គិសនី EVs ផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់”។  រដ្ឋាភិបាល​កម្ពុជា ​បាន​នឹង​កំពុង​ជំរុញ​ឱ្យ​ប្រជាជន​ប្រើប្រាស់​រថយន្ត EV និង​ម៉ូតូ​អគ្គិសនី ព្រោះ​​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​អាច​សន្សំ​ប្រាក់ដល់​អ្នក​ប្រើប្រាស់​។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា រថយន្តអគ្គិសនី EV ថ្មីប្រហែល 800 គ្រឿង ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសគិតត្រឹមខែកុម្ភៈ ឆ្នាំ 2023។ ក្រសួងបាននិយាយថា កម្ពុជា បានប្តេជ្ញាចិត្តថានឹងមានរថយន្ត EV ចំនួន 40 ភាគរយ និងម៉ូតូអគ្គិសនីចំនួន 70 ភាគរយនៅឆ្នាំ 2050 ដើម្បីកាត់បន្ថយការបំភាយកាបូន។ ដើម្បីសម្រេចបាននូវគោលដៅនេះ រដ្ឋាភិបាលបានកាត់បន្ថយពន្ធនាំចូលលើរថយន្តអគ្គិសនីចាប់តាំងពីឆ្នាំ 2021 មកនៅត្រឹមប្រហែល 50 ភាគរយទាបជាងពន្ធលើរថយន្តដែលមានម៉ាស៊ីនចំហេះខាងក្នុង៕

អត្ថបទពាក់ព័ន្ធ