ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះបាន និយាយថា ខ្លួនបានរកឃើញបញ្ហាមួយចំនួនដែលអាចបណ្តាលឱ្យ iPhone 15 ស៊េរីថ្មី ឡើងកម្តៅខ្លាំងជាងការរំពឹងទុក រួមទាំងបញ្ហានៅក្នុងកម្មវិធី iOS 17 ដែលនឹងត្រូវបានដោះស្រាយ នៅក្នុងការអាប់ដេតនាពេលខាងមុខ។
បន្ទាប់ពីមានការត្អូញត្អែរថាទូរស័ព្ទថ្មីឡើងកំដៅខ្លាំង Apple បាននិយាយថាទូរស័ព្ទថ្មីរបស់ខ្លួន អាចឱ្យអ្នកប្រើមានអារម្មណ៍ថាឡើងកម្តៅបន្តិច ក្នុងរយៈពេលពីរបីថ្ងៃដំបូង។ ក្រុមហ៊ុន Apple បាននិយាយថា “បញ្ហាមួយផ្សេងទៀតពាក់ព័ន្ធនឹងការអាប់ដេតថ្មីៗមួយចំនួនចំពោះកម្មវិធី Third-Party-App ដែលបណ្តាលឱ្យមានបញ្ហាមួយចំនួន ហើយ Apple ថាខ្លួនកំពុងពិភាក្សាជាមួយអ្នកបង្កើតកម្មវិធីលើការដោះស្រាយបញ្ហាដែលកំពុងកើតមាននេះ។ កម្មវិធី Third-Party-App ដែលមានបញ្ហារួមមានហ្គេម Asphalt 9 កម្មវិធីបណ្តាញសង្គម Facebook និង Instagram រួមទាំងកម្មវិធី Uber។ នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុនខាងលើ។
គួរឱ្យដឹងថា Instagram បានដោះស្រាយបញ្ហាជាមួយកម្មវិធីរបស់ខ្លួនរួចហើយកាលពីថ្ងៃទី 27 ខែកញ្ញា កន្លងទៅ។ ការដោះស្រាយបញ្ហា ដែលមាននៅលើ iOS 17 នាពេលខាងមុខនឹងមិនកាត់បន្ថយ performance ដើម្បីដោះស្រាយសីតុណ្ហភាពឡើងកម្តៅខ្លាំងរបស់ iPhone នោះទេ។ ក្រុមហ៊ុន Apple ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា iPhone 15 Pro និង Pro Max មិនទទួលរងការឡើងកំដៅខ្លាំងដោយសារតែការរចនានោះទេ ផ្ទុយទៅវិញសំបកទីតានីញ៉ូម ថ្មីនាំឱ្យការសាយភាយកំដៅមានភាពប្រសើរឡើងបើប្រៀបធៀបទៅនឹងម៉ូដែលដែលប្រើដែកអ៊ីណុក ពីមុន។ Apple ក៏បានអះអាងទៀតថា បញ្ហានេះមិនមែនជាហានិភ័យសុវត្ថិភាព ទេហើយនឹងមិនប៉ះពាល់ដល់ដំណើរការរយៈពេលវែងរបស់ទូរស័ព្ទនោះទេ៕