រោងចក្ររបស់ក្រុមហ៊ុន Ford នៅទីក្រុង Saarlouis ប្រទេសអាឡឺម៉ង់ នឹងត្រូវបិទទ្វារម្តងទៀត បន្ទាប់ពីកិច្ចពិភាក្សាជាមួយអ្នកវិនិយោគដ៏មានសក្តានុពលម្នាក់ ដែលគេស្គាល់ថា ជាក្រុមហ៊ុនចិន មិនទទួលបានផ្លែផ្កា។
ក្រុមហ៊ុន Ford បាននិយាយកាលពីពេលថ្មីៗនេះថា វិនិយោគិនបានសម្រេចចិត្តមិនបន្តជាមួយការពិភាក្សាដើម្បីកាន់កាប់រោងចក្រនេះ បន្ទាប់ពីការសិក្សាអំពីលទ្ធភាពលម្អិត និងការចរចារយ៉ាងយកចិត្តទុកដាក់។ ក្រុមហ៊ុន Ford មិនបានបញ្ចេញឈ្មោះអ្នកវិនិយោគដ៏មានសក្តានុពលនោះទេ។ ប្រភពដែលដឹងពីកិច្ចពិភាក្សានេះបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិនស្ថិតក្នុងចំណោមក្រុមហ៊ុនដែលចាប់អារម្មណ៍ក្នុងការកាន់កាប់រោងចក្រនេះ ដែលគ្រោងនឹងបញ្ចប់ការផលិតនៅឆ្នាំ 2025។
ក្រុមប្រឹក្សាការងាររបស់រោងចក្របាននិយាយកាលពីដើមឆ្នាំនេះថា វិនិយោគិនដែលមានលទ្ធភាពខ្ពស់ជាងគេ ចំនួន 15 បានបង្ហាញពីចំណាប់អារម្មណ៍។ ក្រុមហ៊ុនផលិតរថយន្តចិន BYD និង Chery Automotive ត្រូវបានគេនិយាយថាស្ថិតក្នុងចំណោមក្រុមហ៊ុនដែលចាប់អារម្មណ៍ក្នុងការកាន់កាប់រោងចក្រ Ford នេះ។ ប្រភពបានប្រាប់ Bloomberg ថាក្រុមហ៊ុន Ford និង រដ្ឋ Saarland បានពិភាក្សាជាមួយវិនិយោគិនដែលមានសក្តានុពលរួមទាំងក្រុមហ៊ុន BYD ក្រុមហ៊ុនផលិតតូចៗជាច្រើន ក៏ដូចជាក្រុមហ៊ុនផលិតបន្ទះសូឡាអាល្លឺម៉ង់ផងដែរ៕