ឪពុកម្តាយជនជាតិជ្វីហ្វ មួយចំនួនត្រូវបានសាលារៀនប្រាប់ឱ្យលុប App បណ្តាញសង្គមចេញពីទូរស័ព្ទរបស់កូនៗរបស់ពួកគេ បន្ទាប់ពីមានសង្រ្គាមអ៊ីស្រាអែល-ហ្គាហ្សា។ កង្វល់ចម្បងមួយគឺជុំវិញវីដេអូចំណាប់ខ្មាំងដែលអាចត្រូវបានគេចែករំលែក ដែលពួកគេនិយាយថាអាចបង្កឱ្យមានផលប៉ះពាល់ដល់ក្មេងៗ ។
ការព្រមាននេះកំពុងតែផ្សព្វផ្សាយមិនត្រឹមតែក្នុងប្រទេសអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។ វីដេអូជនស៊ីវិលត្រូវបានគេសម្លាប់ត្រូវបានគេចែកចាយតាមអ៊ីនធឺណិត។ សាលារៀនមួយចំនួននៅក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល បាននឹងកំពុងទំនាក់ទំនងសារទៅកាន់ឪពុកម្តាយ ដើម្បីលុបកម្មវិធី បណ្តាញសង្គមចេញពីទូរស័ព្ទរបស់កូនៗពួកគេ។ នៅកន្លែងផ្សេងទៀត សាលារៀនមួយក្នុងរដ្ឋ New Jersey ក្នុងសហរដ្ឋអាមេរិក បានផ្ញើអ៊ីមែលទៅឪពុកម្តាយ ដែលស្នើឱ្យពួកគេប្រាប់កូនរបស់ពួកគេឱ្យលុប Social Media App ចេញពីទូរស័ព្ទ។ “អ្នកចិត្តសាស្រ្តក្នុងតំបន់បានទាក់ទងមកយើង ហើយបានជូនដំណឹងដល់យើងថា រដ្ឋាភិបាលអ៊ីស្រាអែល កំពុងជំរុញឱ្យឪពុកម្តាយប្រាប់កូនរបស់ពួកគេឱ្យលុប Instagram និង TikTok ជាបន្ទាន់” ។
សាលាមួយទៀតនៅញូវយ៉ក សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនកំពុងលើកទឹកចិត្តឪពុកម្តាយឱ្យតាមដានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ និងដើម្បី “ពិភាក្សាអំពីរបៀបជៀសវាងការបើកវីដេអូទាំងនេះ និងអ្វីដែលត្រូវធ្វើប្រសិនបើពួកគេជួបប្រទះ រូបភាព និងវីដេអូដែលគេបាន ផ្សព្វផ្សាយបែបនេះ”។ បណ្តាញសង្គមត្រូវបាន បង្ហោះជាពាសពេញទៅដោយរូបភាព និងវីដេអូដែលគួរឱ្យរំខាន ចាប់តាំងពីការវាយប្រហារពីពួកហាម៉ាស់។
លោក David Lange ដែលជាអ្នកគ្រប់គ្រងក្រុមតស៊ូមតិរបស់អ៊ីស្រាអែល Israellycool បានប្រាប់ BBC ថា សាលាកូនស្រីរបស់លោក បានទាក់ទងសារនៅលើ Group WhatsApp ឪពុកម្តាយដោយលើកទឹកចិត្តឪពុកម្តាយឱ្យលុប TikTok ចេញពីទូរស័ព្ទរបស់កូនពួកគេ។អង្គការជ្វីហ្វ ផ្សេងទៀតបានណែនាំឪពុកម្តាយឱ្យតាមដានសកម្មភាពតាមអ៊ីនធឺណិតរបស់កូនពួកគេដើម្បីកាត់បន្ថយការប៉ះពាល់នឹងអំពើហិង្សា៕