លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple Inc បានប្រាប់កាសែតចិន កាលពីពេលថ្មីៗនេះថា “បេះដូងរបស់លោក ហាក់មានភាពរំភើប នៅពេលបានមើលការច្នៃប្រឌិតនៅទីនេះ”។ លោកបានថ្លែងបែបនេះ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Ya’an ខេត្ត Sichuan ប្រទេសចិន ដើម្បីទស្សនាសាលារៀនក្នុងស្រុក និងកសិដ្ឋានដាំតែ ក្នុងស្រុក។
ការលើកឡើងរបស់លោក Tim Cook បានកើតឡើងនៅពេលដែលក្រុមហ៊ុន Apple បានប្រកាស ថាខ្លួនកំពុងបន្ថែមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងសហគមន៍នៅតាមជនបទនៃប្រទេសចិន ជាមួយនឹងការរួមចំណែកបន្ថែមចំនួន 25 លានយន់ (3.4 លានដុល្លារ) ដល់មូលនិធិចិនសម្រាប់ការអភិវឌ្ឍន៍ជនបទ (CFRD) ។
គួរឱ្យដឹងថា ក្រុមហ៊ុន Apple បានបរិច្ចាគប្រាក់សរុបចំនួន 250 លានយន់ ដល់ការអភិវឌ្ឍន៍ជនបទក្នុងប្រទេសចិន ក្នុងអំឡុងពេលមួយទសវត្សរ៍កន្លងមកនេះ។
Tim Cook បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅ Ya’an ថា “ការអប់រំគឺជារឿងសំខាន់បំផុតមួយដែលយើងអាចសហការគ្នានៅទីនេះ” ។
“ប្រសិនបើអ្នកគិតអំពីអ្វីដែល Apple កំពុងធ្វើ យើងផ្តោតលើសិស្ស (នៅក្នុងសាលាបឋមសិក្សា) នៅជំហានដំបូងរបស់យើង។ ឥឡូវនេះ យើងផ្តោតលើមនុស្សពេញវ័យដែលកំពុងបន្តការសិក្សារបស់ពួកគេ ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ជនបទ។ ខ្ញុំនឹងនៅសាកលវិទ្យាល័យ Tsinghua ជាកន្លែងដែលយើងនឹងផ្តោតលើនិស្សិតមហាវិទ្យាល័យ” ។
នាយកប្រតិបត្តិ Apple រូបនេះបានបន្ថែមថា “ប្រវត្តិរបស់ខ្ញុំគឺមកពីការអប់រំនៅជនបទ។ ហើយខ្ញុំតែងតែគិតថា ប្រសិនបើអ្នកអាចឱ្យការអប់រំនៅតាមជនបទ និងទីក្រុងមានភាពស្មើគ្នា នោះវានឹងធ្វើឱ្យមានភាពខុសគ្នាគួរឱ្យកត់សម្គាល់ចំពោះសហគមន៍ជនបទ”។
យោងតាមក្រុមហ៊ុន Apple ការផ្តល់មូលនិធិថ្មីចំនួន 25 លានយន់ នឹងជួយកសិកររៀនជំនាញបច្ចេកទេសដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ និងជួយដល់សិស្សានុសិស្ស និងគ្រូបង្រៀននៅតាមថ្នាក់រៀននៅតាមជនបទតាមរយៈការផ្តល់នូវធនធានបច្ចេកវិទ្យា និងការអប់រំឌីជីថល៕