fbpx

បណ្តាញសង្គម X នឹងចាប់ផ្តើមយកលុយពីអ្នកប្រើប្រាស់ 1 ដុល្លារ សម្រាប់ការចូលប្រើមុខងារសំខាន់ៗ

អត្ថបទដោយ ពិទូ
199 views

បណ្តាញសង្គម X របស់មហាសេដ្ឋី Elon Musk ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter បានចាប់ផ្តើម យកលុយពីអ្នកប្រើប្រាស់ថ្មី នៅក្នុងប្រទេសនូវែលសេឡង់ និងហ្វីលីពីន ដោយគិតតម្លៃ 1ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដើម្បីចូលប្រើមុខងារសំខាន់ៗ។

មុខងារសំខាន់របស់​ X ដែលតម្រូវឱ្យអ្នកប្រើប្រាស់បង់លុយ 1 ដុល្លារក្នុងមួយឆ្នាំ មានដូចជា tweet, retweet ដូចជាការបង្ហោះ និងឆ្លើយតបទៅនឹងការបង្ហោះរបស់ម្ចាស់គណនី។ ប្រព័ន្ធផ្សព្វផ្សាយសង្គម X បាននិយាយថាគោលបំណងដែលខ្លួនធ្វើបែបនេះ គឺដើម្បី “កាត់បន្ថយសារឥតបានការ, និងសកម្មភាព bot ផ្សេងៗ” ។

គណនីថ្មី ក៏នឹងត្រូវតម្រូវឱ្យផ្ទៀងផ្ទាត់លេខទូរស័ព្ទរបស់ពួកគេផងដែរ ទោះបីជាលោក Musk បាននិយាយថា នឹងនៅតែមានសេរីភាពក្នុងការបង្កើតគណនី “read only” ដែលមិនមានមុខងារសំខាន់ៗ។ កាលពីខែមុន ម្ចាស់ក្រុមហ៊ុន X, Tesla និង SpaceX រូបនេះ បានផ្តល់យោបល់ថា អ្នកប្រើប្រាស់ X ទាំងអស់ប្រហែលជាត្រូវបង់ប្រាក់សម្រាប់ការចូលប្រើប្រាស់។

ចាប់តាំងពីលោក Musk បានទិញ Twitter ក្នុងតម្លៃ 44ពាន់លានដុល្លារកាលពីឆ្នាំ2022 ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ បន្តធ្លាក់ចុះ។ ខណៈពេលដែលមានការកំណត់គោលដៅ ផ្នែកហិរញ្ញវត្ថុច្បាស់លាស់សម្រាប់ក្រុមហ៊ុនក្នុងការគិតប្រាក់ពីអ្នកប្រើប្រាស់ មហាសេដ្ឋីរូបនេះបាននិយាយថា ការឱ្យមនុស្សបង់ប្រាក់សម្រាប់សេវានេះគឺមានគោលបំណងដើម្បីដោះស្រាយជាមួយនឹង bots។

ដោយឡែក ចំពោះ X Premium បច្ចុប្បន្នមានតម្លៃ 8 ដុល្លារក្នុងមួយខែនៅសហរដ្ឋអាមេរិក។ តម្លៃខុសគ្នាអាស្រ័យលើប្រទេសដែលអតិថិជនរស់នៅ ខណៈពេលដែលអ្នកប្រើប្រាស់ផ្សេងទៀតនៅតែអាចប្រើប្រាស់ X ដោយឥតគិតថ្លៃ៕

អត្ថបទពាក់ព័ន្ធ