សំបូរ (Sambo) ដំរីអាស៊ីជាទីស្រលាញ់ និងជានិមិត្តរូបនៃទីក្រុងភ្នំពេញ បានទទួលមរណភាពក្នុងអាយុ 63 ឆ្នាំ បន្ទាប់ពីចូលនិវត្តន៍រយៈពេល 9 ឆ្នាំ។ នេះបើតាម គម្រោង Elephant Valley Project (EVP) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី 19 ខែតុលា ឆ្នាំ2023។
សំបូរ បានធ្វើជាយានជំនិះ ដល់ភ្ញៀវទេសចរនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំក្នុងរាជធានីតាំងពីឆ្នាំ 1980 ដល់ឆ្នាំ 2012។ លុះក្រោយមកទៀត សំបូរ មិនអាចធ្វើការបានដោយសារតែការឆ្លងមេរោគលើជើង និងការត្អូញត្អែរពីសំណាក់មហាជន ថាបណ្តាលឱ្យមានការកកស្ទះចរាចរណ៍។ ដំរីមួយក្បាលនេះ ត្រូវបានដោះលែងទៅក្នុងព្រៃការពារ ក្នុងខេត្តមណ្ឌលគិរី ភាគឦសានដាច់ស្រយាល ដើម្បីចូលនិវត្តន៍ក្នុងឆ្នាំ 2014 ក្រោមការមើលថែរបស់ EVP។
EVP បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “ថ្ងៃនេះយើងមានដំណឹងដ៏ក្រៀមក្រំមួយដើម្បីចែករំលែក។ សំបូរ ដ៏ស្រស់ស្អាតរបស់យើងបានលាចាកលោកទាំងយប់” ។ “បន្ទាប់ពីការតស៊ូ យ៉ាងយូរជាមួយនឹងការឆ្លងមេរោគធ្មេញ សុខភាពរបស់ សំបូរ កាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេលមួយខែចុងក្រោយនេះ។ នៅអាយុ 63 ឆ្នាំ នាងមានការចូលនិវត្តន៍ដ៏អស្ចារ្យ 9 ឆ្នាំនៅ EVP” ។
កម្ពុជា ជាជម្រកដំរីព្រៃអាស៊ីប្រមាណ 400ក្បាល ដែលភាគច្រើនរស់នៅតំបន់ជួរភ្នំក្រវាញ និងក្នុងខេត្តមណ្ឌលគិរី និងរតនគិរី ។ សំបូរ ជាដំរីមួយក្បាលក្នុងចំណោមដំរីចិញ្ចឹមប្រមាណ 70ក្បាលក្នុងប្រទេសកម្ពុជា។ គួរឱ្យដឹងថា ដំរីអាស៊ី ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN)៕