fbpx

Xiaomi បញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មី HyperOS លើកដៃបាយៗ ចំពោះ Android !

អត្ថបទដោយ ពិទូ
139 views

ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi Corp បានបង្ហាញប្រព័ន្ធប្រតិបត្តិការថ្មី ដែលបង្កើតដោយខ្លួនឯងចុងក្រោយបំផុត ដែលនឹងភ្ជាប់ស្មាតហ្វូន និងឧបករណ៍ Internet of Things ជាមួយនឹងរថយន្ត ដែលពួកគេគ្រោងនឹងបញ្ចេញ នៅឆមាសទីមួយនៃឆ្នាំក្រោយ 2024។

ប្រព័ន្ធប្រតិបត្តិការថ្មីដែលមានឈ្មោះថា HyperOS ត្រូវបានកំណត់ថានឹងទៅដល់អ្នកប្រើប្រាស់នៅពេលឆាប់ៗដ៏ខ្លីខាងមុខនេះ នៅពេលដែលទូរស័ព្ទស៊េរីចុងក្រោយបំផុត នាឡិការឆ្លាតវៃ និងទូរទស្សន៍ចាប់ផ្តើមលក់នៅក្នុងប្រទេសចិន។

លោក Lei Jun ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Xiaomi បាននិយាយនៅក្នុងព្រឹត្តិការណ៍សម្ពោធនៅទីក្រុងប៉េកាំង ថា យុទ្ធសាស្រ្តថ្មីរបស់ក្រុមហ៊ុនគឺការកសាងប្រព័ន្ធអេកូឆ្លាតវៃដែលភ្ជាប់មនុស្ស រថយន្ត និងផ្ទះ ហើយប្រព័ន្ធប្រតិបត្តិការ HyperOS គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីគាំទ្រយុទ្ធសាស្រ្តនេះ។

យោងតាមប្រធានក្រុមហ៊ុន Xiaomi ប្រព័ន្ធប្រតិបត្តិការថ្មីនេះ ត្រូវការពេលជាង 13 ឆ្នាំដើម្បីធ្វើការស្រាវជ្រាវ និងការរុករក និង 7 ឆ្នាំដើម្បី អភិវឌ្ឍន៍ ដោយមានវិស្វករ software ជាង 5000 នាក់ចូលរួមដើម្បីបង្កើតប្រព័ន្ធនេះ។

លោក Lei បាននិយាយថា រថយន្តរបស់ក្រុមហ៊ុន Xiaomi បច្ចុប្បន្នកំពុងដំណើរការយ៉ាងរលូន ហើយនឹងត្រូវបានដាក់លក់ជាផ្លូវការនៅឆមាសទីមួយនៃឆ្នាំ 2024។ នាយកប្រតិបត្តិក្រុមហ៊ុនចិនមួយនេះ បាននិយាយថា Xiaomi នឹងវិនិយោគជាង 100 ពាន់លានយន់ (13.7 ពាន់លានដុល្លារ) ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងរយៈពេល 5 ឆ្នាំខាងមុខ៕

អត្ថបទពាក់ព័ន្ធ