fbpx

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា ចង់ឃើញការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរចិន កាន់តែច្រើន

អត្ថបទដោយ ពិទូ
126 views

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ នៅថ្ងៃអង្គារ ទី 7 ខែវិច្ឆិកា ឆ្នាំ 2023នេះថា កម្ពុជា ចង់ឃើញការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរចិន កាន់តែច្រើន ដោយកត់សម្គាល់ថា កម្ពុជា ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព។

ថ្លែងទៅកាន់កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់នៅតំបន់សេដ្ឋកិច្ចពិសេសវិនិយោគដោយចិននៅភាគនិរតីនៃខេត្តព្រះសីហនុ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យអ្នកវិនិយោគចិនកាន់តែច្រើនចូលមកបណ្តាក់ទុននៅកម្ពុជា។

សម្តេច​ បានមានប្រសាសន៍ថា ទាំងអ្នកទេសចរ និងអ្នកវិនិយោគចិន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា។ សម្តេចធិបតី បានបន្តថា ​ប្រទេស​កម្ពុជា​មាន​សុវត្ថិភាព ហើយ​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទីកន្លែង​ដោយ​សេរី​។

គួររំលឹកថា ប្រទេសចិនគឺជាប្រភពដ៏ធំបំផុតនៃអ្នកទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជាក្នុងយុគសម័យមុនការរាតត្បាតកូវីដ-១៩។

យោងតាមក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា កម្ពុជា បានទទួលភ្ញៀវទេសចរចិនចំនួន 2.36 លាននាក់ក្នុងឆ្នាំ 2019 ស្មើនឹង 35.7 ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប និងបង្កើតប្រាក់ចំណូលប្រហែល 1.8 ពាន់លានដុល្លារអាមេរិក។

ចំណែកនៅក្នុងឆ្នាំ 2023នេះវិញ កម្ពុជា បានទទួលភ្ញៀវចិនចំនួន 405,514 នាក់ គិតត្រឹមខែមករា ដល់ខែកញ្ញា ដែលកើនឡើង 549 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តម តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរចិន ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការធ្វើដំណើរមកកាន់ កម្ពុជា ដោយសង្កត់ធ្ងន់ ថា រដ្ឋាភិបាលតែងតែផ្តល់អាទិភាពដល់សន្តិសុខ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរទាំងអស់៕

អត្ថបទពាក់ព័ន្ធ