ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញធ្វើទស្សនកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពការងារ សាងសង់ នៅការដ្ឋានអគារ សាលាវិជ្ជាជីវៈទេសចរណ៍ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែវិច្ចិកា ឆ្នា២០២៣ ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន និងគណៈប្រតិភូបាន ជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ កម្មការនី របស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សា ព្រមទាំងមន្ត្រី នៃមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងទេសចរណ៍ ក្រុមការងារ អង្គភាពគ្រប់គ្រង គម្រោងសាងសង់សាលា វិជ្ជាជីវៈទេសចរណ៍ សរុបប្រមាណ ២៥០ នាក់។
ថ្លែងនៅក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងមូលធនមនុស្ស និងការគិតគូរកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេលអនាគត និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “ បង្កើន៥” និង “ អភិវឌ្ឍ៣” (BUILD plus 3Ds) ផ្តោតលើការអភិវឌ្ឍធនធានមនុស្សដែលជាកត្តាស្នូលមួយ និងត្រូវការរៀបចំយន្តការអនុវត្តឱ្យបានល្អ ដើម្បីធានាប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាល។
Join Telegram ឯកឧត្តម រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃសាលាវិជ្ជាជីវៈទេសចរណ៍ ទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលជាសមិទ្ធផលដ៏ចាំបាច់ថ្មីមួយបន្ថែមទៀតក្នុងការបង្កើនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលនឹងផ្តល់ឱកាសឱ្យសិស្ស និសិ្សត យុវជន អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងអ្នកដែលមកពីគ្រួសារខ្សត់ខ្សោយ និងងាយរងគ្រោះ អាចមានលទ្ធភាពទទួលបានការបណ្តុះបណ្តាលតាមស្តង់ដាជាតិ និងអាស៊ាន ឱ្យទទួលបានជំនាញពិតប្រាកដ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ និងចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ កម្ពុជា ប្រកបដោយគុណភាព និរន្តរភាព និងបរិយាបន្ន។
ឯកឧត្តម រដ្ឋមន្រ្តី សុខ សូកេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់វឌ្ឍនភាពនៃគម្រោង តាមផែនការគ្រោងទុក និងបានស្នើឱ្យបន្តជំរុញបញ្ចប់ការសាងសង់អគារសាលាទាំងពីរទីតាំង ឈានទៅដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ខាងមុខ ដើម្បីចូលរួមបណ្តុះបណ្តាល បង្កើនកម្លាំងពលកម្មជំនាញក្នុងវិស័យទេសចរណ៍ ទាំងបរិមាណ និងគុណភាព សំដៅសម្រេចបានគោលដៅយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាលរបស់ក្រសួងទេសចរណ៍ ក៏ដូចជាចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឱ្យសម្រេចបានជោគជ័យ៕