ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានបដិសេធការកំណត់របស់ប្រទេសកូរ៉េខាងជើងនៃ «ទិវាឧស្សាហកម្មគ្រាប់មីស៊ីល» ដើម្បីប្រារព្ធពិធីបាញ់បង្ហោះគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) វ៉ាសុង-១៧ (Hwasong-17) ដោយជោគជ័យរបស់ខ្លួន កាលពីខែវិច្ឆិកាឆ្នាំមុន។
ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានកំណត់យកថ្ងៃទី១៨ ខែវិច្ឆិកាជា «ទិវាឧស្សាហកម្មគ្រាប់មីស៊ីល» ដោយបានអះអាងថា ការបាញ់បង្ហោះដោយជោគជ័យនៃគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប ICBM បានបង្ហាញពីសក្តានុពលនៃមហាអំណាចនុយក្លេអ៊ែរលំដាប់ពិភពលោកមួយនេះថា ជាអ្នកកាន់កាប់គ្រាប់មីស៊ីល ICBM ខ្លាំងបំផុត។
លោក គូ យ៉ុងសាម អ្នកនាំពាក្យរបស់ក្រសួងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «វាជាការខកចិត្ត និងគួរឱ្យសោកស្តាយដែលប្រទេសកូរ៉េខាងជើងកំពុងប្រារព្ធទង្វើដែលគំរាមកំហែងមិនត្រឹមតែកូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងដល់សហគមន៍អន្តរជាតិផងដែរ ខណៈដែលវាបំពានយ៉ាងធ្ងន់ធ្ងរទៅលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលហាមប្រាមចំពោះការអភិវឌ្ឍគ្រាប់មីស៊ីលផ្លោងរបស់ខ្លួន»។
លោកបាននិយាយថា ក្រសួងនឹងរក្សាការតាមដានយ៉ាងឱ្យបានដិតដល់អំពីស្ថានភាពរបស់កូរ៉េខាងជើង ដោយមិនកំណត់ជាមុននូវចេតនាដែលទីក្រុងព្យុងយ៉ាងមានសម្រាប់ការកំណត់ទិវានោះទេ។
កាលពីមុន ប្រទេសកូរ៉េខាងជើងបានកំណត់យកថ្ងៃទី២៩ ខែវិច្ឆិកា ជា «ទិវាឧស្សាហកម្មគ្រាប់រ៉ុក្កែត» នៅលើប្រតិទិនឆ្នាំ២០២១ របស់ខ្លួន ប៉ុន្តែមិនបានប្រារព្ធទិវានោះទេ ហើយថែមទាំងបានលុបវាចេញពីប្រតិទិនដែលចាប់ផ្តើមនៅឆ្នាំបន្ទាប់ដោយគ្មានការពន្យល់ណាមួយដែរ។
អ្នកជំនាញបាននិយាយថា ប្រទេសកូរ៉េខាងជើងអាចនឹងធ្វើការប៉ុនប៉ងលើកទី៣ ដើម្បីបាញ់បង្ហោះផ្កាយរណបចារកម្មយោធាក្នុងឱកាសនៃទិវាឧស្សាហកម្មគ្រាប់មីស៊ីល។ ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូលបានប្រាប់សមាជិកសភាកាលពីសប្តាហ៍មុនថា ប្រទេសកូរ៉េខាងជើងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់ការបាញ់បង្ហោះ បន្ទាប់ពីការប៉ុនប៉ងបរាជ័យរបស់ខ្លួននៅក្នុងខែឧសភា និងខែសីហា។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីបវ៉ាសុង-១៧ ជាមួយកូនស្រីរបស់លោក ដែលគេជឿថាមានឈ្មោះ ជូ អេ ដែលជាព្រឹត្តិការណ៍មួយបង្ហាញពីការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់នាង៕