ក្នុងឱកាសខួបលើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ស្ថានទូតបារាំងនឹងតាំងបង្ហាញ រូបថតប្រទេសកម្ពុជា ដែលត្រូវបានថតពីលើអាកាស និងតាមរយៈផ្កាយរណបក្នុងអំឡុង ៧០ឆ្នាំចុងក្រោយ។
ស្ថានទូតបារាំងប្រចាំកម្ពុជាបានអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា រូបថតទាំងនេះត្រូវបានរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍(IRD)របស់បារាំង។
ប្រភពដដែលបានអះអាងថា រូបថតពីលើអាកាសចំនួន៣០ផ្ទាំងថតពីឆ្នាំ១៩៥០មកដល់បច្ចុប្បន្ន នឹងបង្ហាញពីការប្រែប្រួលសណ្ឋានដីនៃប្រទេសកម្ពុជាក្នុងអំឡុងជាច្រើនទសវត្សរ៍ ដែលបញ្ជាក់ពីការវិវឌ្ឍរបស់ប្រទេសនេះ។ ពិព័រណ៍ខាងលើធ្វើឡើងចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកាតទៅនៅលើជញ្ជាំងរបងនៃស្ថានទូតបារាំងប្រចាំកម្ពុជា។
ដោយបំពេញការងារយ៉ាងសកម្មនៅកម្ពុជាអស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ វិទ្យាស្ថាន IRD បានបង្កើត ភាពជាដៃគូស៊ីជម្រៅជាមួយសាកលវិទ្យាល័យ និងស្ថាប័នសំខាន់ៗរបស់កម្ពុជា ដើម្បីស្វែងរកដំណោះស្រាយបែបនវានុវត្តន៍ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាព រួមមានបម្រែបម្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ ការបំពុលបរិស្ថាន និងសន្តិសុខស្បៀង។ កិច្ចសហប្រតិបត្តិការទាំងនេះផ្តោតលើកសិកម្មប្រកបដោយនិរន្តភាព និងសុខភាពសាកល ដោយគិតគូរពីបញ្ហាបរិស្ថាន។ ការសង្កេតផែនដី ដោយផ្អែកលើការវិភាគរូបភាពទទួលបានពីឧបករណ៍ចាប់យករូបភាពបំពាក់លើយន្តហោះ ផ្កាយរណប ឬយានគ្មានមនុស្សបើក(ដ្រូន) អនុញ្ញាតឱ្យគេពណ៌នា និងឃ្លាំមើលធនធានធម្មជាតិ ព្រមទាំងការរៀបចំ និងការប្រែប្រួលធនធានទំាងនោះ។ វិទ្យាស្ថាន IRD អភិវឌ្ឍ និងប្រើប្រាស់ឧបករណ៍ឌីជីថល និងគម្រូបង្កើតថ្មីនានា ដើម្បីវិភាគរូបភាពក្នុងគោលដៅទទួលបានព័ត៌មានស្តីពីការប្រែប្រួលទេសភាព។
ចាប់តាំងពីរូបភាពដំបូងៗថតពីលើយន្តហោះក្នុងអំឡុងឆ្នាំ១៩៥០ រហូតដល់រូបភាពដំបូងៗថតពីផ្កាយរណបដែលសង្កេតមើលផែនដីក្នុងអំឡុងឆ្នាំ១៩៨០ បច្ចេកវិទ្យាបានវិវឌ្ឍយ៉ាងខ្លាំង ដោយផ្តល់រូបភាពជាច្រើនក្នុងកម្រិតច្បាស់ល្អទៀតផង។
ប្រភពដដែលបានបន្តថា ដើម្បីពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការវិភាគរូបភាពពីអាកាស និងលទ្ធភាពទទួលបានទិន្នន័យផ្នេងៗ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថាន IRD បានរួមគ្នាបង្កើតមន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (Khmer Earth Observation Laboratory) ហៅកាត់ថា KHEOBS កាលពីឆ្នាំ២០២២ ដោយទទួលបានការជួយជ្រោមជ្រែងពីស្ថាប័នបារាំង។ មន្ទីពិសោធន៍ KHEOBS បានប្រមូលផ្តុំអ្នកវិទ្យាសាស្រ្ត និងនិស្សិតមកពីសាកលវិទ្យាល័យ និងស្ថាប័នកម្ពុជានានា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលលើប្រធានបទផ្សេងៗ។
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «KHEOBS គឺជាមន្ទីរពិសោធន៍ឈានមុខក្នុងការបណ្តុះបណ្តាលវិស្វករ និងអ្នកស្រាវជ្រាវ ក៏ដូចជាពង្រឹងសកម្មភាព និងគម្រោងនានា ដែលប្រើប្រាស់ឧបករណ៍បង្កើតថ្មីសម្រាប់សង្កេតផែនដីនៅកម្ពុជា និងក្នុងកម្រិតតំបន់។
លោកបានបន្តថា គម្រោងនេះឆ្លុះបញ្ចាំងឱ្យឃើញពីគុណភាពនៃកិច្ចសហប្រតិបត្តិការរបស់យើងលើផ្នែកវិទ្យាសាស្រ្ត ដោយហេតុថា ពីមុនមក មិនមានស្ថាប័ននៅកម្ពុជាច្រើននោះទេដែលមានលទ្ធភាពទទួលបានបច្ចេកវិទ្យាទាំងនេះ។
ក្នុងអំឡុងឆ្នាំ១៩៥០បារាំងជាប្រទេសដំបូងគេដែលបានថតដែនដីកម្ពុជាពីលើយន្តហោះដើម្បីរៀបចំបង្កើតផែនទីផ្សេងៗ ដោយសហការជាមួយវិទ្យាស្ថានព័ត៌មានភូមិសាស្រ្ត និងព្រៃឈើបារាំង (IGNFI)។
នៅកម្ពុជា ក្នុងចន្លោះ ឆ្នាំ១៩៥២និង១៩៥៤ វិទ្យាស្ថាន IGNFI បានផ្តិតយករូបភាពប្រមាណ១១ ០០០សន្លឹក ដែលគ្របដណ្តប់មួយផ្នែកធំនៃទឹកដីកម្ពុជា។ បច្ចុប្បន្ន បណ្តុំរូបថតទាំងនេះគឺជាបណ្ណសារដ៏វិសេសវិសាលដែលនាំយើងត្រលប់ទៅកាន់ទេសភាពទីក្រុង និងជនបទកាលពី៧០ឆ្នាំមុន។ រូបថតឯកសារទាំងនេះគឺជាធនធានដ៏មានតម្លៃស្តីពីប្រវត្តិសាស្រ្ត ភូមិសាស្រ្ត បុរាណវិទ្យា នគរូបនីយកម្ម និងបរិស្ថាននៃប្រទេសកម្ពុជា។