fbpx

អ្នកវិភាគសង្គម អំពាវនាវឱ្យយុវជនងាកមកចាប់អារម្មណ៍លើជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

អត្ថបទដោយ រាជ មេសា
181 views

លោកបណ្ឌិត គិន ភា អ្នកវិភាគសង្គម បានលើកឡើងថា យុវជនជំនាន់ថ្មីគួរតែងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកម្មវិធីថ្នាក់ជាតិមួយដែលធ្វើឱ្យយុវជនមានជំនាញ និងបំណិនច្បាស់លាស់។

លោកបានលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនក្រីក្រ និងងាយរងគ្រោះ និងនិយាយដោយឡែកដល់ពលរដ្ឋទូទៅដែលចង់រៀនជំនាញបច្ចេកទេស ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹងអញ្ជើញប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកបណ្ឌិតរូបនេះបាននិយាយបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ គឺជាកម្មវិធីមួយសំខាន់ណាស់សម្រាប់យុវជន ពីព្រោះវាធ្វើឱ្យពួកគេមានចំណេះជំនាញ បំណិន និងអាជីពច្បាស់លាស់មួយ ដែលអាចឆ្លើយតបទៅតាមការវិវត្តនៃទំនើបកម្មការងារនាពេលអនាគត ។

លោកបាននិយាយថា «បងប្អូនកូនក្មួយយុវជន គួរតែមកចាប់យកឱកាសមាសដែលរដ្ឋាភិបាលនឹងបើកជាផ្លូវការនូវការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនាពេលខាងមុខនេះ ដើម្បីឱ្យខ្លួនឯងមានជំនាញមួយពិតប្រាកដ ហើយអាចប្រកបរបរកស៊ី និងធ្វើការតាមជំនាញនៅតាមក្រុមហ៊ុនឯកជន»។

លោកបណ្ឌិតបានពន្យល់ថា កម្មវិធីថ្នាក់ជាតិស្តីពីវគ្កបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ គឺជាកម្មវិធីមួយល្អណាស់ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ពីព្រោះតាមការសិក្សាកន្លងមក នៅកម្ពុជាមានការខ្វះខាតនូវកម្លាំងជំនាញច្រើន។

លោកបានបន្តថា «ដូច្នេះ ការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ គឺជារឿងសំខាន់ណាស់សម្រាប់យុវជនកម្ពុជា ជាពិសេសនោះជាយុទ្ធសាស្រ្តមួយដែលអាចទាក់ទាញអ្នកវិនិយោគពីខាងក្រៅប្រទេសធំៗផងដែរ»។

លោកបាមអំពាវនាវឱ្យយុវជន ជាពិសេសប្អូនៗក្មួយៗដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទោះបីជាប់ ឬធ្លាក់ក្តី សូមងាកមកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាលកម្ពុជានេះ៕

អត្ថបទពាក់ព័ន្ធ