fbpx

សហគ្រាសSUDrain ប្រើស្រកីដូងធ្វើជាប្រព័ន្ធតម្រងសម្រាប់ចម្រោះទឹកកខ្វក់ជួយដល់បរិស្ថាននិងសហគមន៍

អត្ថបទដោយ រាជ មេសា
1.8K views

កញ្ញា វន ថារី  សព្វថ្ងៃជា នាយិកាប្រតិបត្តិ និងសហស្ថាបនិក  CEO & Co-founder នៃក្រុមហ៊ុន SUDrain ដែលជាអាជីវកម្មបែបច្នៃប្រឌិត ដោយប្រើស្រកីដូង ធ្វើជាតម្រងចម្រោះទឹកកខ្វក់ ទៅ​ជាទឹកស្អាត។ SUDrain ជាសហគ្រាសមួយ ជួយដល់សង្គម និងជាពិសេសជួយដល់បរិស្ថានតែម្តង។

SUDrain នាំយកបច្ចេកវិទ្យាច្នៃប្រឌិតសាមញ្ញមួយដោយកែច្នៃកាកសំណល់ ស្រកីដូងធ្វើជាតម្រងចម្រោះទឹកកខ្វក់។ សហគ្រាសសង្គមមួយនេះ ផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងរហ័សក្នុងការតំឡើងសម្រាប់កន្លែងចម្រោះទឹកកខ្វក់។ តម្រងចម្រោះទឹក ដែលច្នៃចេញ ពីស្រកីដូងនេះ អាចត្រូវបានប្រើសម្រាប់ចម្រោះទឹកសំណល់សរីរាង្គឧស្សាហកម្ម ទឹកស្អុយ ទឹកសំណល់អាម៉ូញាក់ និងអាសូត។ SUDrain មានទស្សនវិស័យ ក្នុងការពង្រីកវដ្ដជីវិតនៃទឹក ដើម្បីកែលម្អជីវភាពរស់នៅប្រកបដោយភាពស្និទ្ធស្នាលនឹងបរិស្ថាន និងរួមចំណែកដល់សេដ្ឋកិច្ចជាប្រព័ន្ធ។ 

ក្នុងនាមជា CEO នៃសហគ្រាស SUDrain កញ្ញា វន ថារី បានឱ្យដឹងថា “យើងផ្តល់ជូនអតិថិជនរបស់យើងនូវដំណោះស្រាយបរិស្ថានយ៉ាងទូលំទូលាយ និងជួយដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន និងនិរន្តរភាពរបស់ពួកគេ។ យើងនាំយកបច្ចេកវិទ្យាច្នៃប្រឌិតសាមញ្ញមួយដោយកែច្នៃកាកសំណល់ ស្រកីដូងធ្វើជាតម្រង ដើម្បីចម្រោះទឹកកខ្វក់។ តាមរយៈការលាយបញ្ចូលគ្នានូវគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់យើងជាមួយនឹងជំនាញរបស់ក្រុមការងាររបស់យើងក្នុងប្រតិបត្តិការ វិស្វកម្ម និងបច្ចេកវិទ្យា យើងអាចផ្គត់ផ្គង់អតិថិជនរបស់យើងជាមួយនឹងកញ្ចប់ពេញលេញនៃដំណោះស្រាយទឹកសំណល់កខ្វក់”។

គួរឱ្យដឹងថា សេវាកម្មរបស់ SUDrain សព្វថ្ងៃ មានបីផ្នែកសំខាន់ៗ ផ្តោតទៅលើការចម្រោះទឹក និងកាកសំណល់កខ្វក់។ សហគ្រាស Start-up មួយនេះ​ ក៏បានចូលរួមចំណែកផ្តល់នូវដំណោះស្រាយបរិស្ថាន ប្រកបដោយប្រសិទ្ធភាព និងតម្លៃសមរម្យ ដែលឆ្លុះបញ្ចាំងពីការអនុវត្តល្អបំផុត។ ដើរតួនាទីជាអាជីវកម្មបែបច្នៃប្រឌិត និងបង្កើតថ្មី SUDrain បានចូលរួមការពារបរិស្ថាន កាន់តែប្រសើរឡើងសម្រាប់គម្រោងអភិវឌ្ឍន៍របស់សហគមន៍ និង រួមចំណែកយ៉ាងធំធេងក្នុងការរក្សាគុណភាពទឹកនៃ ទឹកក្រោមដី ទន្លេ និងបឹង៕

អត្ថបទពាក់ព័ន្ធ