នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អាន សុខខឿន អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសមាជិកគណៈកមា្មធិការទទួលបន្ទុកសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ចំនួនពីររូបគឺ លោកស្រី Ann Skelton និងលោកស្រី Sopio Kiladze ព្រមទាំង លោកបណ្ឌិតWill Parks តំណាងអង្គការ UNICEF នៅទីស្តីការក្រសួង។
ឯកឧត្តម អាន សុខខឿន បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ (CRC) និងកិច្ចប្រឹងប្រែងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំង គណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារ និងអង្គការ UNICEF ដើម្បីលើកកម្ពស់សិទ្ធិរបស់កុមាររួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអភិវឌ្ឍ សិទ្ធិទទួលបានកិច្ចការពារ និងសិទ្ធិចូលរួម។ ឯកឧត្តមក៏បានលើកឡើងពីសកម្មភាពជាក់ស្តែងដែលកម្ពុជាបានអនុវត្ត និងវឌ្ឍនភាពសំខាន់ៗ ដែលកម្ពុជាសម្រេចបាន ទាក់ទងនឹងអនុសាសន៍ផ្តល់ដោយគណៈកម្មាធិការ។ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ស្របនឹងគោលបំណងអនុសញ្ញាស្តីពី សិទ្ធិកុមារ។
សមាជិកគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារ និងតំណាងអង្គការ UNICEF បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានទទួលស្គាល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ។ គណៈកម្មាធិការ និងអង្គការ UNICEF បានសន្យាផ្តល់កិច្ចសហប្រតិបត្តិការចំពោះកម្ពុជា ក្នុងការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ និងការបំពេញទៅតាមអនុសាសន៍នៃគណៈកម្មាធិការ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើកិច្ចការមួយចំនួន ដែលបានជួបប្រទះក្នុងអំឡុងពេលអនុវត្ត អនុសញ្ញាស្តីពី សិទ្ធិកុមារ និងអនុសាសន៍ដែលបានផ្តល់ដោយគណៈកម្មាធិការខាងលើ៕