fbpx

ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង

អត្ថបទដោយ រាជ មេសា
152 views

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យយាងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការ និងចូលរួមសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ នៅសាធារណរដ្ឋបារាំង តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង។

អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះករុណា ព្រះមហាក្សត្រ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ជាច្រើនរូបទៀត។

នៅក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ផ្ញើជូនជនរួមជាតិ ព្រះអង្គបានគូសបញ្ជាក់ថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកសី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣តទៅ ដើម្បីយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការ និងយាងចូល រួមក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ នៅ ទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង »។ ព្រះអង្គបន្តថា «នៅក្នុងឱកាសអវត្តមាននទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្ដេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈជាប្រមុខ រដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា»។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អញ្ជើញចូលរួមដង្ហែ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជទស្សនកិច្ចនេះ រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឥស្សរជន និង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន។ ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាង កម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យ ឯករាជ្យជាតិ។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី នឹងមានព្រះរាជសវនាការ ជាមួយឯកឧត្តម Emmanuel MACRON នៅវិមានប្រធានាធិបតី Palais de l’Élysée នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ នៅក្នុងព្រះរាជទស្សនកិច្ចនេះដែរ ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការ អភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២ នៃ សន្និសីទអង្គការយូណេស្កូ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងប្រទានព្រះរាជសវនាការជូន លោកជំទាវ Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ ដែលនេះបង្ហាញអំពីការទទួលស្គាល់របស់កម្ពុជាអំពីការចូល រួមចំណែករបស់អង្គការនេះ ក្នុងកិច្ចការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ។

ក្នុងព្រះរាជដំណើរយាងទៅទីក្រុងប៉ារីសនេះផងដែរ ព្រះអង្គនឹងយាងទៅប្រាសាទ Fontainebleau ស្ថិតនៅទីក្រុង Fontainebleau ដែលមានសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងសៀមរាប។ ជាមួយគ្នានេះព្រះអង្គក៏ នឹងយាងទតបណ្ណសាររបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» ផងដែរ៕ 

អត្ថបទពាក់ព័ន្ធ