fbpx

កម្ពុជា​​ ទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ស្តីពីត្រីទឹកសាបធំបំផុត របស់ Guinness World Records

អត្ថបទដោយ ពិទូ
166 views


នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍណ៍ជលផលទឹកសាបនៃរដ្ឋបាលជលផល មានកិត្តិយស និងក្តីសោមនស្សរីករាយបំផុត ដែលបានចូលរួមរៀបចំពិធីសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី ស្ថានភាពត្រីបបែលយក្សទឹកសាបក្នុតំបន់ទន្លេមេគង្គ និងទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ស្តីពីត្រីទឹកសាបធំបំផុត ពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records)។ 

កម្មវិធីនេះ​​ មានការអញ្ជើញចូលរួមជាអធិបតីភាពសំណាក់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តមពុំ សុថា ប្រតិភូរាជរដ្ឋាពិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ ប្រចាំប្រទេសកម្ពុជា(USAID) តំណាងស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records) ប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងឯកឧត្តម លោក លោកស្រីភ្ញៀវជាតិ និងអន្តរជាតិ និងក្មួយៗនិស្សិត។

វិញ្ញាបនបត្រកំណត់ត្រាពិភពលោកចំនួនពីរ ដែលប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃនេះ រួមមាន៖​ ត្រីទឹកសាបធំបំផុត (ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលអ្នកនេសាទចាប់បានដោយចៃដន្យនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង) និងសំណាកត្រីបបបែលយក្សដែលធំបំផុតពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records)។ 

បន្ថែមពីលើនេះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រគល់ប័ណ្ណសរសើរដល់អ្នកពាក់ព័ន្ធចំនួន២៦នាក់ ដែលបានចូលរួមក្នុងការការពារ និងអភិរក្សធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់។

សមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់នេះ បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានរដ្ឋបាលជលផលជាសេនាធិការ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងសហគមន៍នេសាទ ដែលបានចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផល។ 

ការចូលរួមថែរក្សា ការពារ និងអភិរក្សប្រភេទត្រីមេពូជនៅក្នុងទន្លេមេគង្គលើ  គឺជាការរក្សាបាននូវប្រភពពូជត្រី សម្រាប់ចែកចាយទៅតំបន់បឹងទន្លេសាបទន្លេមេគង្គក្រោម និងតំបន់លិចទឹកផ្សេងទៀត ដែលជាកន្លែងនេសាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានធ្វើនេសាទសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ៕

អត្ថបទពាក់ព័ន្ធ