fbpx

រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងអំណរគុណដល់សាធារណជន សារព័ត៌មាន និងសិល្បៈករដែលបានជួយផ្សព្វផ្សាយអំពីឱកាសទទួលបានរបបថែទាំសុខភាព និងឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

អត្ថបទដោយ រាជ មេសា
181 views

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់សាធារណជន អ្នកវិភាគ និងអ្នកជំនាញនានា បណ្តាញសារព័ត៌មាន អាជ្ញាធរមូលដ្ឋាន តារាចម្រៀង តារាសម្តែង សិល្បករ សិល្បការិនី និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់ខ្លួនដែលបានជួយផ្សព្វផ្សាយ និងពន្យល់សាធារណជន ជាពិសេសក្រុមគោលដៅ អំពីឱកាសទទួលបានរបបថែទាំសុខភាព និងឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ នេះបើយោងតាមការបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា។

សេចក្តីថ្លែងអំណរគុណរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគ សាធារណជន ផលិតកម្មចម្រៀង សិល្បៈករ និងមន្ត្រី រួមទាំងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម (influencer) ជាច្រើន បានជួយផ្សព្វផ្សាយ និងពន្យល់ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីទទួលបានអត្ថប្រយោជន៍នៃកម្មវិធីទាំងពីរដែលបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “ខ្ញុំសូមថ្លែងអំណរគុណ និងដោយក្តីគោរព ស្រឡាញ់ ដឹងគុណ និងសូមមេត្តាទទួលយកនូវការគោរពអរគុណពីខ្ញុំ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ”។

នៅលើបណ្តាញសង្គមរបស់ឯកឧត្តម ក្រៅពីពន្យល់លម្អិតនៃកម្មវិធី និងអត្ថប្រយោជន៍សម្រាប់មុខសញ្ញាគោលដៅនីមួយៗរួចហើយនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តអំពាវនាវដល់បុគ្គលស្វ័យនិយោជន៍ (អ្នកប្រកបរបរខ្លួនឯង) និងយុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យទៅចុះឈ្មោះដើម្បីទទួលបានអត្ថប្រយោជន៍ជាលក្ខណៈប្រវត្តិសាស្ត្រនេះ។

ឯកឧត្តមមានប្រសាសន៍បន្ថែមថា “តាមរយៈការចូលរួមជួយផ្សព្វផ្សាយ និងពន្យល់យ៉ាងទូលំទូលាយនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋដែលជាមុខសញ្ញាត្រូវទទួលអត្ថប្រយោជន៍ពីកម្មវិធីទាំងពីរខាងលើនេះនឹងទទួលបានព័ត៌មាន ហើយទៅចុះឈ្មោះដើម្បីទទួលបានអត្ថប្រយោជន៍ដ៏វិសេសវិសាលនេះ”។

ទោះបីជាបែបណាក៏ដោយ ដើម្បីឱ្យកម្មវិធីទាំងពីរនេះមានផ្លែផ្កា និងជោគជ័យ ការជួយផ្សព្វផ្សាយ ការជួយពន្យល់ណែនាំ និងការចែករំលែកបន្តទៀតពីអ្នកដែលមានសមាណចិត្តទាំងអស់ នឹងអាចជួយកែប្រែវាសនាមនុស្ស ១នាក់ ឬ ១គ្រួសារ ហើយក៏ជាការរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ និងជួយអភិវឌ្ឍន៍សង្គមជាតិ ដែលជាគោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ នេះបើតាមបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី៕

អត្ថបទពាក់ព័ន្ធ