លោកគ្រូអ្នកគ្រូសរុបចំនួន ៨៩៤នាក់ និងសិស្សានុសិស្សសរុបចំនួន២៣.៦០០នាក់ នៃសាលារៀនសរុបចំនួន៧២សាលា នៅក្នុងស្រុកឈូក ខេត្តកំពត បាន ប្តេជ្ញាចិត្តក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក។
ការបង្ហាញពីការប្តេជ្ញានេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ខណៈនៅក្នុងស្រុក-ក្រុងទាំង៨នៃខេត្តកំពត ធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីរួមគ្នាជាការពារបរិស្ថានរបស់កម្ពុជា ប្រកបដោយភាពស្អាត និងបៃតង។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងក្រុមអាជីវករ ដែលចូលរួមក្នុងយុទ្ធនាការនេះ បានស្រែកប្តេជ្ញាថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា និង «លាហើយប្លាស្ទិក» ស្របពេលយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បាននិងកំពុងបំផុសនៅចលនាចូលរួមរបស់ក្មេងៗជំនាន់ក្រោយឱ្យមានការ យល់ដឹង និងអនុវត្ត ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ដោយសារតែកំណើននៃការផលិត ចែកចាយ ប្រើប្រាស់ និងបោះចោលសំណល់ប្លាស្ទិក មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កឱ្យមានការព្រួយបារម្ភចំពោះបញ្ហានេះ។
លោក ចាន់ ថា អភិបាលរងខេត្តកំពត បានស្នើដល់សាលារៀន សហគមន៍ រោងចក្រ សហគ្រាស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួម និងបន្តចូលរួមអនុវត្តយុទ្ធនាការនេះឱ្យបានច្រើនកុះករ និងជាប្រចាំ ដើម្បីបរិស្ថានកម្ពុជាស្អាតជានិច្ច។ លោកថ្លែងថា «ថ្វីត្បិតតែប្លាស្ទិកផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដល់មនុស្សមែន តែវាក៏មានគុណវិបត្តិជាច្រើននៅពេលក្លាយជាសំណល់ ដោយសារវាត្រូវការរយៈពេលរាប់រយពាន់ឆ្នាំ ទើបពុកផុយ ជាពិសេសប្លាស្ទិកចុងក្រោយបានហូរចូលទៅក្នុងទឹកសមុទ្រ ដែលធ្វើឱ្យប៉ះពាល់ជីវចម្រុះ ធនធានធម្មជាតិ និងគុណភាពទឹក។ ដោយសារមើលឃើញពីផលវិបាកទាំងអស់នេះ ទើបរដ្ឋបាលខេត្តកំពត គាំទ្រ និងលើកទឹកចិត្តនូវសកម្មភាពយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ដើម្បីធានាបាននូវអនាម័យ បរិស្ថាន សោភណ្ឌភាពស្អាត គ្មានសំណល់ប្លាស្ទិក»។
ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការចូលរួមអនុវត្តយុទ្ធនាការនាថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រ និងការជំរុញអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពរបស់ រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវក្របខណ្ឌការងាររបស់ក្រសួងបរិស្ថានចំនួន៥រួមមាន៖ ការកាត់បន្ថយការ បំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង។ ឯកឧត្តម បានបញ្ជាក់ថា «ដើម្បីឈានទៅសម្រេចបាននូវក្របខណ្ឌ ការងារទាំង៥នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន៣ ដែលត្រូវជំរុញក្នុងរយៈពេល១០០ថ្ងៃដំបូង រួមមាន៖ ទី១. ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២. ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះនិងដាំកូនឈើ សំដៅបង្កើនគម្របព្រៃឱ្យដល់៦០ភាគរយ នៅឆ្នាំ២០៥០ និងទី៣. ការបង្កើនទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍ មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាពនិងអព្យាក្រឹត្យកាបូន។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា នៅកម្ពុជា ដោយសារកត្តារីកចម្រើននៃសេដ្ឋកិច្ចជាតិ កំណើនជីវភាពរបស់ប្រជាពលរដ្ឋ គួបផ្សំនឹងភាពស៊ីវិល័យ របស់សង្គម និងការរស់នៅ បានធ្វើឱ្យការប្រើប្រាស់សម្ភារប្លាស្ទិកមានកើនឡើងក្នុងកម្រិតខ្ពស់ ពិសេសថង់ប្លាស្ទិក ដែលប្រជាជនកម្ពុជាម្នាក់ប្រើថង់ប្លាស្ទិកជាមធ្យម៤ថង់ក្នុង១ថ្ងៃ គឺប្រមាណជា៥៥លានថង់ប្លាសិក ប្រើប្រាស់ក្នុង១ថ្ងៃនៅកម្ពុជា។ ក្រៅពីថង់ប្លាស្ទិក ក៏នៅមានសម្ភារប្លាស្ទិកប្រើក្នុងសេវាអាហារ និងភេសជ្ជៈដូចជា៖ ចាន ប្រអប់ស្នោ ស្លាបព្រា សម កាំបិត បំពង់បឺត ប្រអប់ជ័រ ដែលកំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។ សម្ភារប្លាស្ទិក ដែលប្រើរួចត្រូវបានចោលលាយ ឡំជាមួយសំរាម សំណល់រឹងទីប្រជុំជន និងមានភាពរាយប៉ាយនៅតាមទីវាល និងប្រភពទឹកស្ទើរគ្រប់ទីកន្លែង។ ដើម្បីឆ្លើយតបនឹងកំណើនខ្លាំងនៃការប្រើប្រាស់សម្ភារប្លាស្ទិក ពិសេសថង់ប្លាស្ទិក ក៏ដូចជាដោះស្រាយបញ្ហាបំពុលដោយប្លាស្ទិក នាពេលកន្លងមកនេះ ក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធបានដាក់ចេញវិធានការនានា ដូចជា៖ ការរឹតបន្តឹងលើការនាំចូល ការផលិត និងការប្រើប្រាស់ថង់ ប្លាស្ទិក តាមរយៈការកំណត់លក្ខខណ្ឌអនុញ្ញាត ការបង្កើនអាករពិសេសលើការនាំចូល ការគិតថ្លៃ៤០០រៀលក្នុង១ថង់ លើអ្នកប្រើថង់ប្លាស្ទិកនៅតាមផ្សារទំនើប រួមនឹងវិធានការអប់រំ ផ្សព្វផ្សាយ ក្នុងគោលបំណងឱ្យមានការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក។
របាយការណ៍របស់ក្រសួងបរិស្ថាន បង្ហាញថា ក្នុងរយៈពេល៨០ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានអ្នកស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជិត៣លានអង្គ/នាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូជាង១១ម៉ឺននាក់ សិស្សានុសិស្សសរុបចំនួនជាង២៨ម៉ឺននាក់ នៃសាលារៀនជាង៦ពាន់សាលា និងកម្មករនិយោជក ព្រះសង្ឈ និងប្រជាពលរដ្ឋ នៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និងសហគមន៍នានា៕