fbpx

សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និង ក្រុមហ៊ុន ជីប ម៉ុងគ្រុប រួមគ្នាធ្វើសកម្មភាពមនុស្សធម៌

អត្ថបទដោយ រាជ មេសា
161 views

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានអញ្ជើញក្នុងពិធីប្រគល់ ទទួលថវិកាឧបត្ថម្ភចំនួន ២០ ម៉ឺនដុល្លា ពីក្រុមហ៊ុន ជីប ម៉ុងគ្រុប ដែលតំណាងដោយអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុងគ្រុប។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានថ្លែងអរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) កន្លងមក ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍លើកទ្បើងអំពីវឌ្ឍនភាពរបស់សមាគម ដែលបានដំណើរការរយៈពេល ១១ ឆ្នាំ មកហើយ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣ នេះ ដោយមានសមាជិកសរុបចំនួនប្រមាណជាង ៨ ពាន់នាក់ ។  ក្នុងរយៈកាលនេះ សមាគម TYDA តែងរៀបចំសកម្មភាពបេសកម្មរបស់ខ្លួនច្រើនទ្បើងជាលំដាប់ដោយផ្អែកលើចំនួនសមាជិកដែលបន្តកើនឡើងជានិរន្ត ជាមួយការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចការមនុស្សធម៌តែមួយប៉ុណ្ណោះ ។ សមាគម TYDA បានប្រមូលផ្តុំនូវធនធានជំនាញក្នុងវិស័យសុខាភិបាលនៅកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានការខ្វះខាតបំផុត ។ សមាគមក៏មានផែនការក្នុងការរៀបចំបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឱ្យមានជំនាញកាន់តែប្រសើរទ្បើង តាមរយៈការសិក្សាបន្តនៅបណ្តាប្រទេស ដូចជា តៃវ៉ាន់ សាធារណរដ្ឋកូរ៉េ និងបារាំង ជាដើម ។ល។ ទន្ទឹមនឹងនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងរៀបចំសន្និសីទបង្ហាញពីវិធីព្យាបាល ហៅថា Medical Conference រយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បូបណ្តុះបណ្តាល និងបង្ហាញពីវិធីសាស្ត្រព្យាបាលទៅតាមប្រភេទជំងឺប្រកបដោយជំនាញ និងវិជ្ជាជីវៈ ។

លោកជំទាវបណ្ឌិត ក៏បានរំឭកផងដែរថា អំឡុងពេលនៃយុទ្ធនាប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានទទួលការឧបត្ថម្ភគាំទ្រពីសំណាក់បណ្តាស្ថាប័នអង្ភភាព និងមហាជននានា ក្នុងនោះ ក្រុមហ៊ុនជីបម៉ុងគ្រុប ក៏បានចូលរួមធ្វើការបរិច្ចាគផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុងគ្រុប តែងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សង្គមជាតិ តាមរយៈសកម្មភាពផ្សេងៗ ។ ជាក់ស្តែង ការឧបត្ថម្ភថវិកាជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គឺជាសកម្មភាពមួយដែលមិនអាចខ្វះបាន ដើម្បីការងារមនុស្សធម៌ជូនប្រជាជនកម្ពុជា។

អត្ថបទពាក់ព័ន្ធ