ស្ថានភាពនៅក្នុងពេលបច្ចុប្បន្ន ស្ទើរតែមួយភាគបីនៃភោជនីយដ្ឋានជប៉ុន នៅទីក្រុងហុងកុង បានបិទទ្វារជាអចិន្ត្រៃយ៍នៅឆ្នាំ2023នេះ ដោយសារការហាមឃាត់របស់អាជ្ញាធរក្រុង លើអាហារសមុទ្រដែលនាំចូលពីប្រទេសជប៉ុន។
ភោជនីយដ្ឋាន omakase លំដាប់អភិជន ដែលផ្តល់ជូននូវម៉ឺនុយមុខម្ហូបមានតម្លៃថ្លៃ មេចុងភៅកំពូលៗ រួមទាំងអាហារស៊ូស៊ីដែលមានគុណភាពខ្ពស់ ត្រូវបានគេនិយាយថាមានផលលំបាកបំផុត។ លោក Ray Chui Man-wai ប្រធានវិទ្យាស្ថានអាហារដ្ឋាន Art Institute of Dining Art បាននិយាយថា ផ្នែកនេះបានទទួលរងផលប៉ះពាល់បន្ទាប់ពីរដ្ឋាភិបាលទីក្រុងហុងកុង បានហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តមួយចំនួនរបស់ជប៉ុនកាលពីខែសីហា កន្លងទៅ បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងតូក្យូក្នុងការបញ្ចេញទឹកសំណល់វិទ្យុសកម្មចូលទៅក្នុងសមុទ្រ។
ប្រភពខាងលើ បានប៉ាន់ប្រមាណថាយ៉ាងហោចណាស់ 30 ភាគរយនៃភោជនីយដ្ឋានជប៉ុនបានបិទទ្វារ។ ហុងកុងត្រូវបានគេដឹងថា ជាកន្លែងដែលមានភោជនីយដ្ឋានជប៉ុនដ៏ច្រើនមួយ រហូតដល់ទៅ 1,400 ហាង កាលពីឆ្នាំមុន។
គួរឱ្យដឹងថា ទីក្រុងហុងកុងកាលពីខែសីហា បានហាមឃាត់ការនាំចូលផលិតផលសមុទ្រពីខេត្តចំនួន 10 រួមទាំងទីក្រុងតូក្យូ និងហ្វូគូស៊ីម៉ា បន្ទាប់ពីប្រទេសជប៉ុន បានសម្រេចចិត្តបញ្ចេញទឹកសំណល់វិទ្យុសកម្ម ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
គួររំលឹកថា ការរញ្ជួយដីក្នុងឆ្នាំ 2011 នៅប្រទេសជប៉ុន បានបំផ្លាញរោងចក្រថាមពលនុយក្លេអ៊ែរ នៅ Fukushima និងបានបន្សល់នូវទឹកសំណល់វិទ្យុសកម្ម៕