មេដឹកនាំកំពូលរបស់ប្រទេសវៀតណាមបានប្តេជ្ញាថានឹងបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយ សម្រាប់រយៈពេលវែង ដែលមានឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ប្រទេស បន្ទាប់ពីប៉ូលីសបានបង្ហាញរឿងអាស្រូវហិរញ្ញវត្ថុនៅក្នុងវិស័យអចលនទ្រព្យដែលមានតម្លៃលើសពី 3 ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។
យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយបានដំណើរការតាំងពីឆ្នាំ 2016 ប៉ុន្តែមានសន្ទុះអនុវត្តខ្លាំងកាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរក្នុងប្រទេស បានបង្រ្កាបករណីក្លែងបន្លំ និងអំពើពុករលួយដ៏ល្បីជាច្រើនដែលពាក់ព័ន្ធនឹងនាយកប្រតិបត្តិសាជីវកម្មកំពូល និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋ។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាននិយាយនៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ2023 ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅល្ងាចថ្ងៃនោះថា “យើងត្រូវធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យបានលឿន និងអនុវត្តអោយកាន់តែមានប្រសិទ្ធភាព”។ លោកបានបន្តថា “យើងនឹងមិនឈប់នៅទីនេះទេ ប៉ុន្តែនឹងបន្តរយៈពេលវែង”។
ការកត់សម្គាល់របស់លោក Trong បានកើតឡើងបន្ទាប់ពីប៉ូលីសបានប្រកាសលទ្ធផលនៃការស៊ើបអង្កេតរយៈពេលជាច្រើនខែទៅលើរឿងអាស្រូវហិរញ្ញវត្ថុចំនួនពីរ ដោយបង្ហាញជាលើកដំបូងអំពីទំហំនៃការក្លែងបន្លំដែលមានតម្លៃសរុបចំនួន 12.8 ពាន់លានដុល្លារអាមេរិក ឬ 3.2 ភាគរយនៃសេដ្ឋកិច្ចរបស់ប្រទេស។
នៅក្នុងរឿងអាស្រូវដ៏ធំបំផុតក្នុងចំណោមរឿងអាស្រូវទាំងពីរនេះ លោកស្រី Truong My Lan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group និងបក្ខពួករបស់នាងបានកិបកេងប្រាក់ចំនួន 12.54 ពាន់លានដុល្លារ ពីធនាគារ Saigon Joint Stock Commercial Bank។ នេះបើយោងតាមការស៊ើបអង្កេតលទ្ធផល ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ កន្លងទៅ។
ករណីនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅពេលដែល លោកស្រី Lan ត្រូវបានចាប់ខ្លួនកាលពីខែតុលា ឆ្នាំមុន ដែលនាំឱ្យមានវិបត្តិក្នុងវិស័យអចលនទ្រព្យ និងទីផ្សារមូលបត្របំណុលសាជីវកម្ម ដែលនាងត្រូវបានគេចោទប្រកាន់ថាបាន ប្រព្រឹត្តទង្វើផ្ទុយពីច្បាប់ដែលបានចែង៕