ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌៖ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៥៣៨ នាក់ (ស្រី ៤៣ នាក់) ក្នុងនោះ៖
ការបន្ថយទោស ៣ ខែ ចំនួន ៣៩១ នាក់ (ស្រី ៣១ នាក់) ។ ការបន្ថយទោស ៦ ខែ ចំនួន ១៣២ នាក់ (ស្រី ១០ នាក់) ។ ការបន្ថយទោស ៩ ខែ ចំនួន ១២ នាក់ (ស្រី ០១ នាក់) ។ ការបន្ថយទោស ១២ ខែ ចំនួន ០១ នាក់ ( ស្រី ០០ នាក់) ។ ការបន្ថយទោសមួយជីវិតមកនៅត្រឹម ៣០ឆ្នាំ ចំនួន ០១ នាក់ ( ស្រី ០០ នាក់) ។ លើកលែងទោស ស្ត្រី០១ នាក់ (ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ) ។
ជាមួយគ្នានេះ ខ្ញុំសូមបញ្ជាក់ជូនជាថ្មីថា គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖
១៖ ចំពោះបទល្មើសទូទៅ ឧក្រិដ្ឋជនគ្រឿងញៀន, អំពើសាហាវយង់ឃ្នង, ករណីមិនរាងចាល, ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ, ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ, ឬមន្ត្រីសាធារណៈ, ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ ។
២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ, ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ, ជនរងគ្រោះជាសាច់សាលោហិត, ករណីរំលោភបូក, ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត។