អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយកាលពីថ្ងៃអង្គារ ទី 28 ខែវិច្ឆិកា ឆ្នាំ 2023 ថាគណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តបទប្បញ្ញត្តិរបស់ក្រសួងដែលបន្ថែមម៉ោងបើកក្លឹបរាត្រី និងកន្លែងកម្សាន្តក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត។
មន្រ្តីថៃ បាននិយាយថា កន្លែងកម្សាន្ត ក្លឹបរាត្រី និងខារ៉ាអូខេក្នុងទីក្រុងបាងកក ភូកេត ប៉ាតាយ៉ា ឈៀងម៉ៃ និងសាមុយ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម នឹងត្រូវបានអនុញ្ញាតឱ្យបើករយៈពេលពីរម៉ោងបន្ថែមរហូតដល់ម៉ោង 4 ទៀបភ្លឺ។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន ធ្លាប់បានថ្លែងថា ច្បាប់ថ្មីនេះ នឹងចាប់ផ្តើមនៅថ្ងៃទី 15 ខែធ្នូ ឆ្នាំ2023។
ឧស្សាហកម្មទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃ ប៉ុន្តែគេសង្កេតឃើញថាមានកំណើនយឺតបើធៀបនឹងដៃគូក្នុងតំបន់ ហើយរដ្ឋាភិបាលរបស់លោក ស្រេតថា ចង់ពង្រឹងវិស័យនេះឡើងវិញ ជាមួយនឹងវិធានការជំរុញនានា។ ការសម្រេចចិត្តអនុញ្ញាតឱ្យកន្លែងកម្សាន្តបើកបានយូរ គឺជាជំហានចុងក្រោយបង្អស់របស់រដ្ឋាភិបាលក្នុងការទាក់ទាញជនបរទេស។
គួរឱ្យដឹងថា កាលពីខែកញ្ញា កន្លងទៅ ថៃបានលើកលែងតម្រូវការទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ដែលជាប្រភពសំខាន់នៃ ទេសចររបស់ខ្លួន។ រហូតមកដល់ពេលនេះប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន 24.5 លាននាក់នៅឆ្នាំ 2023នេះ ហើយកំពុងព្យាករណ៍ថា ចំនួនសរុបនឹងហក់ឡើងដល់ 28 លាននាក់សម្រាប់រយៈពេលពេញមួយឆ្នាំ។ មុនពេលជំងឺរាតត្បាតកូវីដ19 ប្រទេសថៃ ទទួលបានភ្ញៀវទេសចរ ចំនួន 39.9 លាននាក់ ដោយមាន 11 លាននាក់មកពីប្រទេសចិន។
នៅឆ្នាំ 2023នេះ រដ្ឋាភិបាលថៃ រំពឹងថានឹងមានភ្ញៀវមកពីប្រទេសចិនត្រឹមតែ 3.5 លាននាក់ប៉ុណ្ណោះមកទស្សនាប្រទេសខ្លួន៕