តម្លៃទុរេនថៃ ម៉ាន់ថង ដែលដាំនៅប្រទេសវៀតណាមបានឡើងថ្លៃខ្ពស់ជាងមុន ៣០ភាគរយ ក្នុងខែវិច្ឆិកា នេះដល់ ១៥ ម៉ឺនដុង (៦,១៩ ដុល្លារ) ក្នុងមួយគីឡូក្រាម។ នៅតំបន់ដីសណ្ដទន្លេមេគង្គ និងតំបន់ខ្ពង់រាបកណ្តាល ក្នុងប្រទេសវៀតណាម តម្លៃទុរេនម៉ាន់ថង បានឡើងថ្លៃកាលពីសប្តាហ៍មុន ស្របពេលដែល ទុរេនម៉ាន់ថង ទទួលបានផលច្រើនជាងគេ។
ទុរេនម៉ាន់ថង ដែលមានគុណភាពខ្ពស់បំផុតមានទម្ងន់ចន្លោះពី២ ទៅ ៥គីឡូក្រាម ឥឡូវនេះមានតម្លៃ១៥ម៉ឺនដុងក្នុងមួយគីឡូក្រាម ពោលតម្លៃនេះ គឺខ្ពស់ជាងមុន ប្រមាណ ៦០ភាគរយ។ តម្លៃឡើងថ្លៃខ្ពស់បែបនេះ កំពុងធ្វើឱ្យកសិករសប្បាយចិត្ត។ ជាក់ស្តែង លោក Hau រស់នៅខេត្ត Tien Giang ដែលទើបលក់ទុរេនអស់គ្មានសល់ កាលពីពេលថ្មីៗនេះបាននិយាយថា “បន្ទាប់ពីទូទាត់ថ្លៃចំណាយអស់ហើយ ខ្ញុំនៅសល់ប្រាក់ចំណេញចំនួន ៨០០ លានដុង ដែលជាប្រាក់ចំណេញខ្ពស់បំផុតមិនធ្លាប់មាន” ។
តម្លៃទុរេនម៉ាន់ថង ឡើងថ្លៃខ្ពស់មិនធ្លាប់មាននេះ ត្រូវបានគេសន្មតថា ដោយសារតែតម្រូវការទីផ្សារកើនឡើងខ្លាំងនៅក្នុងប្រទេសចិន។ តាមការឱ្យដឹងពីលោក Dang Manh Khuong ឈ្មួញនៅខេត្ត Can Tho បាននិយាយថា កសិករថៃកំពុងជួបការលំបាកជាមួយនឹងអាកាសធាតុមិនអំណោយផល ដូច្នេះជនជាតិចិនកំពុងប្រមូលទិញទុរេន ពីប្រទេសវៀតណាម ដែលជំរុញឱ្យតម្លៃកើនឡើង។ គួរឱ្យដឹងថា ការនាំចេញទុរេនរបស់វៀតណាម រំពឹងថានឹងឈានដល់កំណត់ត្រា ក្នុងទំហំទឹកប្រាក់ចំនួន ២,៥ពាន់លានដុល្លារ នៅឆ្នាំ២០២៣នេះ ដែលជាចំនួនខ្ពស់ជាងឆ្នាំមុនដល់ទៅ ៦ដងឯណោះ៕