fbpx

ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់

អត្ថបទដោយ រាជ មេសា
149 views

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៦ ខែធ្នូ ២០២៣នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់ នៅវិមានសន្តិភាពរាជធានីភ្នំពេញ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំ និងបង្ហាញចក្ខុវិស័យនៃការរួមចំណែតរបស់ក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ដែលជាយន្តការ ពហុគំនិតក្រៅរដ្ឋសភា ក្នុងការលើកស្ទួយប្រជាធិបតេយ្យ សេរីពហុបក្ស។

បើយោងតាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់ យោបល់ ក្នុងកិច្ចប្រជុំនេះប្រធានប្រតិភូគណបក្សនិមួយៗមានពេលវេលា៥ នាទីដើម្បីឡើងថ្លែងមតិរបស់ខ្លួន។ បន្ទាប់មកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបិទអង្គប្រជុំ។ កម្មវិធីនេះក៏មានការពិសាភោជនាហារសាមគ្គីផងដែរ។ ចុងក្រោយ លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ធ្វើសន្និសីទកាសែត ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ អាណត្តិថ្មីនេះមានគណបក្សចូលរួមចំនួន២៩ គណបក្សរួមទាំងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនៅក្នុងសភាផងដែរ ។ ក្រៅពីនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ប្រមូលផ្តុំដោយគណបក្សមិនមានអាសនៈក្នុងរដ្ឋសភា។

កាលពីថ្ងៃទី២៦ខែសីហា​កន្លងទៅព្រះមហាក្សត្រខ្មែរ​ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ​បានឡាយព្រះហស្តលេខ​លើព្រះរាជក្រឹត្យមួយដោយនៅចំណុចមាត្រា១បញ្ជាក់ថា​ព្រះរាជក្រឹត្យនេះមានគោលដៅបង្កើត​និងកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅ​នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ​និង​ផ្តល់យោបល់ ក្នុងគោលបំណង​លើកស្ទួយរបប​នយោបាយប្រជាធិបតេយ្យ​សេរីពហុបក្សដើម្បីប្រមូលធាតុចូល​នៃទស្សនៈពហុគំនិត​ជាប្រយោជន៍ដល់ការស្ថាបនាជាតិ។

ជាការកត់សម្គាល់​ឧត្តមក្រុមប្រឹក្សាពិគ្រោះ​និងផ្តល់យោបល់នៅក្នុង​អាណត្តិថ្មីនេះមិនត្រឹមតែបើកផ្លូវឲ្យសម្រាប់តែ​គណបក្សនយោបាយ​ដែលបានចូលរួមបោះឆ្នោត​ហើយមិនបាន​ឈ្នះអាសនៈរដ្ឋសភា​ដូចអាណត្តិមុន​នោះទេគឺស្ថាប័នមួយនេះ​ទទួលទាំងគណបក្ស​ដែលមិនបាន​ចូលរួមបោះឆ្នោតទាំងអស់​ផងដែរ ឲ្យតែបានចុះបញ្ជី​ត្រឹមត្រូវនៅក្រសួងមហាផ្ទៃ​។រីឯថវិកាសម្រាប់ចំណាយ​ទៅលើ​ឧត្តមក្រុមប្រឹក្សាពិគ្រោះ​និងផ្តល់យោបល់វិញ​ក៏បានបញ្ជាក់នៅក្នុងព្រះរាជក្រឹត្យ​ដែរថា ត្រូវបានផ្គត់ផ្គង់ ដោយ​កញ្ចប់ថវិកាជាតិ ក្នុងខ្ទង់​ថវិការបស់ទីស្តីការ​គណៈរដ្ឋមន្ត្រី។

សូមរម្លឹកថាឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតជាតិនីតិកាលទី៦ នៅឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន សែន ។ ក្នុងនីតិកាលទី៦ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលទទួលបានអាសនៈក្នុងរដ្ឋសភា ។ អំឡុងនីតិកាលទី៦នេះមិនមានពហុបក្សក្នុងរដ្ឋសភា ឡើយ។ ទើបមានការបង្កើតឡើងនូវឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។

គណបក្សនីមួយៗមានតំណាង២រូបដែលធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ តំណាងទាំង២រូបនៃគណបក្សនីមួយៗ ជាទូទៅ ជាប្រធានគណបក្ស និងជាអនុប្រធានគណបក្ស។ ពេលចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ប្រធានគណបក្ស មានឋានៈស្មើទេសរដ្ឋមន្រ្តី​ហើយអនុប្រធានគណ បក្ស មានឋានៈស្មើរដ្ឋមន្រ្តី ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ជួបពិភាក្សាផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីម្តងនៅរៀងរាល់៦ខែ។

សូមរម្លឹកថា គណបក្សនយោបាយ​ដែលបានចុះបញ្ជីនៅ​ក្រសួងមហាផ្ទៃ​មានប្រមាណជាង ​៤០ គណបក្សក្នុងនោះ ១៨គណបក្សបានចូលរួមបោះឆ្នោតជាតិឆ្នាំ២០២៣នេះ ខណៈគណបក្សភ្លើងទៀន​ត្រូវបានផាត់ចេញពីការ​បោះឆ្នោតដោយសារ​ខ្វះឯកសារច្បាប់ដើម។ ការបោះឆ្នោតជាតិនីតិកាលទី៧ឆ្នាំ២០២៣នេះ គណបក្សប្រជាជន កម្ពុជាទទួលបានអាសនៈ១២០ក្នុងរដ្ឋសភាហើយអាសនៈនៅសល់៥ទៀតបានទៅលើគណបក្សហ៊្វុនស៊ិនប៉ិច។ សម្រាប់នីតិកាលពី៧នេះពហុបក្សមាននៅក្នុងរដ្ឋសភា ផងហើយនិងមានក្នុងរាជរដ្ឋាភិបាលផងដែរ ៕

អត្ថបទពាក់ព័ន្ធ