fbpx

អាជ្ញាធរជាតិអប្សរា រៀបចំពិធីបួងសួង និងរាប់បាត្របើកព្រឹត្តិការណ៍រំលឹកគុណអង្គរ ឆ្នាំទី៣

អត្ថបទដោយ ពិទូ
195 views

នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ និងរាប់បាត្រព្រះសង្ឃ១៣១អង្គ បើកព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំទី៣។

មានវត្តមានក្នុងពិធីខាងលើនេះរួមមាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អភិបាលខេត្តសៀមរាប ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា​ជាច្រើនរយនាក់។

លោកជំទាវ ភឿង សកុណា មានប្រសាសន៍ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរធ្វើឡើងក្នុងគោលបំណង​ពីរសំខាន់ៗ ពោលគឺដើម្បីអបអរសាទរខួប៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជារំលឹកនឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិ បេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើន បម្រើនូវគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចជូនអ្នកជំនាន់នេះ និងទៅអនាគត។ ពិធីនេះក៏ឧទ្ទិសផងដែរចំពោះបុព្វបុរសខ្មែរ ឥស្សរជនខ្មែរគ្រប់ជំនាន់ អ្នកជំនាញការជាតិ អន្ដរជាតិ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត រហូតដល់អាយុជីវិតដើម្បីរក្សាការពារ និងអភិរក្សមរតកវប្បធម៌ជាតិយើង។

នាឱកាសនោះដែរ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានរំលេចនូវគុណូបការៈរបស់បុព្វបុរសសម័យដើម ដែលបានកសាងនូវប្រាង្គប្រាសាទ កសាងប្រវត្តិសាស្រ្តជាដើម ស្របតាមពាក្យស្លោកខ្មែរដែលតែងពោលថា ផឹកទឹកឱ្យនឹកដល់ប្រភព។ លោកជំទាវបន្ថែមថា ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ គឺជាការបង្ហាញនូវមោទនភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សែនយូរលង់ របស់ជាតិសាសនាខ្មែរ​ដ៏ចំណាស់មួយ។ ពិធីនេះបានរួមចំណែកដល់ការផ្សព្វផ្សាយបន្ថែម​នូវសក្កានុពលវប្បធម៌​ និងទេសចរណ៍កម្ពុជា​ ដែលអ្នកទេសចរអាចបន្តមើលឃើញសក្ខីកម្ម ស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរប្រកបដោយទេពកោសល្យខ្ពស់៕

អត្ថបទពាក់ព័ន្ធ