មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានជំរុញឱ្យអាស៊ានពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍របស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងអធិការកិច្ចការងារ ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីការពារពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន។
ការជំរុញបែបនេះធ្វើឡើងក្នុងសន្និសីទស្តីពីអធិការកិច្ចការងារអាស៊ានលើកទី១២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងហត្ថពលកម្មឥណ្ឌូនេស៊ី ក្រោម ប្រធាន បទ «ការ ការពារ ការងារ របស់ ពលករទេសន្តរប្រវេសន៍ តាម រយៈ អធិការកិច្ច ការងារ»។
ប្រធានបទនេះបង្ហាញពីតួនាទីជាមូលដ្ឋាននៃអធិការកិច្ចការងារក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការការពារពលករទេសន្តរប្រវេសន៍ដើម្បីធានាថាពួកគេត្រូវបានការពារពីរាល់ទម្រង់នៃពលកម្មដោយបង្ខំ ការជួញដូរមនុស្ស ការការពារកម្រិតទាបនៃសុវត្ថិភាពប្រតិបត្តិការ សុខភាព និងបញ្ហាពាក់ព័ន្ធនានារបស់ពលករទេសន្តរប្រវេសន៍។
សន្និសីទនេះមានគោលបំណងចែករំលែកការអនុវត្ត និងបទពិសោធន៍នៃអធិការកិច្ចការងារក្នុងតំបន់អាស៊ាន និងជាវេទិកាពិភាក្សាអំពីគម្លាតនៃប្រព័ន្ធអធិការកិច្ចការងារ ដោះស្រាយបញ្ហាប្រឈមដែលកើតឡើង និងបង្ហាញពីតួនាទីសំខាន់នៃការរួមចំណែករបស់រដ្ឋាភិបាល និងដៃគូសង្គមក្នុងការការពារពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន។
លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងសន្និសីទនេះថាតាមរយៈការអនុវត្តគោលនយោបាយដែលមានស្រាប់ អាស៊ានបានខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវការការពារពលករទេសន្តរប្រវេសន៍ក្នុងទម្រង់ផ្សេងៗតាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយព័ត៌មានទៅកាន់ពួកគេ។
លោកលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍បច្ចេកវិទ្យា និងធានានូវនិរន្តរភាព និងប្រសិទ្ធភាពការងារ អាស៊ានមានការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពប្រតិបត្តិការ និងសុខភាពការងារ ព្រមទាំងពន្លឿនដំណើរការអធិការកិច្ចការងារ។ ទោះបីជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋាភិបាលអាស៊ានបានប្តេជ្ញាចិត្តចំពោះពលករទេសន្តរប្រវេសន៍ក៏ដោយក៏បញ្ហាប្រឈមនៃទេសន្តរប្រវេសន៍អាស៊ាននៅតែបន្តកើតមានឡើង និងកាន់តែស្មុគស្មាញ។
ដើម្បីសម្រេចបាននូវលទ្ធផលវិជ្ជមាន លោកប្រធាននាយកដ្ឋាន បានផ្តល់អនុសាសន៍ដល់អង្គសន្និសីទបង្កើតយន្តការ ឬប្រើប្រាស់ឧបករណ៍ដែលមានស្រាប់ ដើម្បីវាយតម្លៃ និងតាមដានការអនុវត្តអនុសាសន៍របស់សន្និសីទអធិការកិច្ចការងារអាស៊ានជារៀងរាល់ឆ្នាំដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តនេះ។
លោក ថ្លែងជាភាសាអង់គ្លេសដែលមានខ្លឹមសារថា៖ «អាស៊ានត្រូវពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍ក្នុងការលើកកម្ពស់ការយល់ដឹង រួមមានការកសាងសមត្ថភាព ការផ្លាស់ប្តូរជំនាញ និងផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងអធិការកិច្ចការងារ»។
លោកប្រធាននាយកដ្ឋាន ក៏បានផ្តល់អនុសាសន៍ឱ្យបង្កើនកិច្ចសហការជាមួយភាគីខាងក្រៅ ព្រមទាំងលើកទឹកចិត្តរដ្ឋសមាជិកអាស៊ានឱ្យផ្តួចផ្តើម ឬដឹកនាំសកម្មភាពគម្រោងស្របតាមអនុសាសន៍របស់សន្និសីទអធិការកិច្ចការងារអាស៊ាន។
ដោយមានវត្តមានដៃគូខាងក្រៅរបស់អាស៊ានក្នុងសន្និសីទនេះផងដែរនោះ លោក ជឿជាក់ថា ការធ្វើអធិការកិច្ចការងារអាចបន្តឈានឆ្ពោះទៅមុខ ដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗដែលបានកំណត់។
អង្គសន្និសីទនេះបានពិភាក្សាអំពីគោលនយោបាយ ការអនុវត្តស្តង់ដារការងារ និងពិនិត្យមើលបញ្ហាប្រឈមដើម្បីការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ព្រមទាំងបានចែករំលែកបទពិសោធន៍ និងឧត្តមានុវត្ត (best practice) អំពីការការពារពលករទេសន្តរប្រវេសន៍ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអធិការកិច្ចការងារកាន់តែប្រសើរឡើង និងពង្រឹងការការពារពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន។
អាស៊ានបានទទួលស្គាល់ថាសិទ្ធិពលករទេសន្តរប្រវេសន៍គឺជាផ្នែកមួយនៃសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដែលមានចែងក្នុងសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាន។
លោក Anwar Sanusi អគ្គលេខាធិការនៃក្រសួងហត្ថពលកម្មឥណ្ឌូនេស៊ីបានថ្លែងក្នុងសន្និសីទនេះថា រដ្ឋសមាជិកអាស៊ាននីមួយៗត្រូវផ្តល់ការការពារប្រកបដោយស្តង់ដារខ្ពស់ស្របតាមច្បាប់ជាតិ បទប្បញ្ញត្តិ និងគោលនយោបាយរបស់ខ្លួន ព្រមទាំងបទដ្ឋានអន្តរជាតិស្តីពីការការពារសិទ្ធិជាមូលដ្ឋានរបស់ពលករទេសន្តរប្រវេសន៍។
លោកអគ្គលេខាធិការ ថ្លែងថា៖ «ថ្ងៃនេះ យើងជួបជុំគ្នានៅកោះបាលី ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការផ្តល់ការការពារដល់ពលករទេសន្តរប្រវេសន៍តាមរយៈការការពារការងារ។ សន្និសីទនេះសបញ្ជាក់ឱ្យឃើញពីសកម្មភាពជាក់លាក់ និងជាក់ស្តែងសម្រាប់យើងទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ ក្នុងការប្រែក្លាយការប្តេជ្ញាចិត្តរបស់យើងដើម្បីរួមគ្នាលើកកម្ពស់ និងការពារសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍»។
លោក Anwar Sanusi ថ្លែងថា ផ្អែកតាមទស្សនទាននៃការការពារពលករទេសន្តរប្រវេសន៍ ការធានាដល់ការការពារដល់ពលករទេសន្តរប្រវេសន៍អាចធ្វើឡើងតាមរយៈការអនុវត្តតួនាទីនៃអធិការកិច្ចការងារ។ តួនាទីនៃអធិការកិច្ចការងារនេះ ប្រសិនបើអនុវត្តប្រកបដោយប្រសិទ្ធភាព អាចកាត់បន្ថយបញ្ហាដែលតែងតែកើតឡើងចំពោះពលករទេសន្តរប្រវេសន៍។
លោកអគ្គលេខាធិការ ថ្លែងបន្តថា៖ «មានឱកាសជាច្រើនសម្រាប់យើងទាំងអស់គ្នាក្នុងការធ្វើការរួមគ្នាដើម្បីជំរុញរបៀបវារៈនៃការការពារពលករទេសន្តរប្រវេសន៍ ដូចជាសារៈសំខាន់នៃការផ្លាស់ប្តូរព័ត៌មានអំពីតួនាទីនៃអធិការកិច្ចការងារក្នុងការដោះស្រាយបញ្ហាប្រឈមមិនត្រឹមតែសម្រាប់តំបន់របស់យើងប៉ុណ្ណោះទេ ថែមទាំងតំបន់ផ្សេងទៀតផងដែរ។ ដូច្នេះហើយ យើងសូម លើកទឹកចិត្តដល់ រដ្ឋ សមាជិក អាស៊ាន ទាំងអស់ បន្តកិច្ចខិតខំ ប្រឹងប្រែងក្នុងការ ការពារ ពលករ ទេសន្តរប្រវេសន៍»។
ក្នុងជំនួបជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ គីមហួន អគ្គលេខាធិកាអាស៊ាន បានថ្លែងបញ្ជាក់ថា អាស៊ានកំពុងបន្តជំរុញគាំទ្រលើសុខដុមនីយកម្មវិស័យការងារ ការកសាងសមត្ថភាពធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញសម្រាប់ប្រទេសជាសមាជិកអាស៊ាន។
ឯកឧត្តមបណ្ឌិត បានសម្តែងការគាំទ្រចំពោះការអនុវត្តកម្មវិធីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនក ម្ពុជាមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន១,៥លាននាក់ ដែលជាផ្នែកមួយដ៏សំខាន់ស្របតាមគោលនយោបាយរបស់អាស៊ានក្នុងការកសាងកម្លាំងពលកម្មជំនាញ នៅក្នុងសេដ្ឋកិច្ចឌីជីថល។
ឯកឧត្តម ហេង សួរ បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិកាអាស៊ាន ក្នុងការជំរុញ និងសម្របសម្រួលកិច្ចការជាច្រើនក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ជាពិសេសវិស័យការងារ ពលករទេសន្តរប្រវេសន៍ និងការបណ្តុះបណ្តាលជំនាញជាដើម។
ភាគីទាំង២ក៏បានបញ្ជាក់រួមគ្នាថា អាស៊ាន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការជាមួយគ្នាក្នុងការអនុវត្តយន្តការនានា ស្របតាមចក្ខុវិស័យនៃឧស្សាហកម្ម ៤.០ និង គោលនយោបាយអាស៊ានក្នុងការផ្លាស់ប្តូរពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើពលកម្មជំនាញ ត្រឹមឆ្នាំ២០២៥៕