ក្រុមហ៊ុន Apple កំពុងផ្តល់ការបញ្ចុះតម្លៃលើទូរស័ព្ទ iPhones របស់ខ្លួន និងផលិតផលផ្សេងទៀតនៅក្នុងប្រទេសចិន នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តដ៏កម្រមួយសម្រាប់ Apple ដែលកើតឡើងនៅពេលដែលការប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូននៅអាស៊ីកើនឡើងកាន់តែខ្លាំង។
ជាផ្នែកមួយនៃការលក់ដែលត្រូវបានបញ្ចូលទៅក្នុងព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មី គេហទំព័រផ្លូវការរបស់ Apple របស់ប្រទេសចិនកំពុងរាយបញ្ជីការបញ្ចុះតម្លៃរហូតដល់ 70ដុល្លារ លើទូរស័ព្ទ iPhone ស៊េរីចុងក្រោយបង្អស់។ ផលិតផល Apple ល្បីៗផ្សេងទៀត រួមទាំង Mac និង iPad ក៏នឹងមានការបញ្ចុះតម្លៃរហូតដល់ 112 ដុល្លារ និង 56 ដុល្លារ ដែលការបញ្ចុះតម្លៃនេះ ចាប់ផ្តើមពីថ្ងៃទី 18 ខែមករា រហូតដល់ថ្ងៃទី 21 ខែមករា ឆ្នាំ 2024។
ទោះបីជាអ្នកលក់រាយ (Dealer) ធ្វើការលក់បញ្ចុះតម្លៃលើផលិតផល Apple ក៏ដោយ ក៏ Apple ខ្លួនឯងកម្រនឹងផ្តល់កិច្ចព្រមព្រៀង ឬការលក់ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីរក្សារូបភាពម៉ាកយីហោលំដាប់ខ្ពស់ ដែលមានសារៈសំខាន់ជាពិសេសនៅពេលដែល Apple ស្វែងរកការទាក់ទាញអ្នកទិញលំដាប់ខ្ពស់នៅក្នុងប្រទេសចិន។ ការលក់បញ្ចុះតម្លៃលើ iPhone កើតឡើងត្រឹមតែជាង 5 ខែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានបញ្ចេញស្មាតហ្វូនចុងក្រោយរបស់ខ្លួនគឺ Mate 60 Pro ។ ស្មាតហ្វូន Huawei ត្រូវបានទទួលការគាំទ្រពីសំណាក់ អ្នកប្រើប្រាស់ចិនយ៉ាងខ្លាំង ដែលការប្រើប្រាស់បន្ទះឈីបកម្រិតខ្ពស់របស់ Huawei បានស្ថិតនៅក្រោមការត្រួតពិនិត្យពីមន្ត្រីសហរដ្ឋអាមេរិក៕